សិស្សជាប់និទ្ទេស A ចំនួន២៦នាក់ ក្នុងក្រុងកំពង់ចាម ទទួលបានការលើកទឹកចិត្ត ពីឯកឧត្តមអភិបាលខេត្ត
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ដើម្បីលើកទឹកចិត្ត សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន២៦ នាក់ នៅក្នុងក្រុងកំពង់ចាម។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន
និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ
បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់បាន ៨២,៨៣ភាគរយ កើនឡើងជាងឆ្នាំ២០២៤។ ក្នុងនោះផងដែរ សិស្សប្រឡងជាប់និទ្ទេស A
ចំនួន ១៤១នាក់ កើនលើសពីឆ្នាំ២០២៤ ចំនួន២៦នាក់។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា
បានមានប្រសាសន៍ ក្នុងឱកាសនោះថា ប្រការដែលធ្វើឲ្យក្មួយៗ មានឱកាសសិក្សារៀនសូត្រ
និងប្រឡងជាប់ជ័យលាភីនិទ្ទេសA គឺមានកត្តាជាច្រើន
ក្នុងនោះដូចជា កត្តាខិតខំរៀនសូត្រដោយខ្លួនឯង
កត្តាគ្រួសារផ្គត់ផ្គង់ជំរុញកូនៗឱ្យបានសិក្សា កត្តាចែករំលែកចំណេះដឹងពីគ្រូបង្រៀន
និងកត្តាសន្តិភាពជាដើម។
ឯកឧត្តមអភិបាលខេត្ត
បានយកឱកាសនោះផ្ដាំផ្ញើដល់ក្មួយៗ សូមឱ្យបន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រ
បង្កើនចំណេះដឹងបន្តទៀត ដើម្បីអនាគតខ្លួនឯង និងគ្រួសារផង
និងចូលរួមបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះឯកឧត្តម អ៊ុន
ចាន់ដា អភិបាលខេត្តកំពង់ចាម
បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីប្រឡងជាប់និទ្ទេស A ២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានកុំព្យូទ័រ laptop ១គ្រឿង
ថវិកា ១លានរៀល និងសម្ភារៈសិក្សាមួយចំនួន។ ដោយឡែកសិស្សពិការ គ ថ្លង់ ៦នាក់
ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល និងសម្ភារសិក្សាមួយចំនួន
និងសិស្សនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ១នាក់ ទទួលបាន កុំព្យូទ័រ laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារសិក្សាមួយចំនួន
និងអាហារូបករណ៍មួយកន្លែងផងដែរ៕






Post a Comment