ក្រុមហ៊ុនចិន គ្រោងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍ លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ

ភ្នំពេញ៖ ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានសាខា ជាង៥០០ នៅទូទាំងប្រទេសចិន ចាប់អារម្មណ៍ និងមានគម្រោងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការ បរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Wu Han សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ លើការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដូចជាថ្នាក់ទេសចរណ៍ឆ្លាតវៃ (Smart Tourism) និងគ្រប់គ្រងសណ្ឋាគារ (Hotel Management) នៅទីស្តីការក្រសួងទេសចរណ៍ ។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ប្រទេសចិន លើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្ស និស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីប្រធាន នាយកដ្ឋានក្រុមហ៊ុន ក៏បានឯកភាពក្នាលើការជួយបណ្តុះបណ្តាល សមត្ថភាពភាសាចិន សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យច្រើន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការ ទំនាក់ទំនង ជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទ ផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈ ទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា ដោយក្រសួងសូមស្វាគមន៍ និងរីករាយជួយសហការ សម្របសម្រួលជូនដល់ក្រុមហ៊ុនផងដែរ៕






 

Powered by Blogger.