សិស្សានុសិស្សមកពី២៥រាជធានី.ខេត្ត ប្រមាណ៣០០នាក់ ចូលរួមចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ជាតិនៅខេត្តស្ទឹងត្រែង
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំបូកសរុបលទ្ធផលចលនាប្រឡងប្រណាំង៣ល្អ ដើម្បីស្វែងរកជ័យជំនះទៅលើសិក្សានុសិស្សមកពីបណ្ដាខេត្តនានាដែលបានចូលរួមប្រឡងប្រណាំងចលនា៣ល្អ «សិស្សល្អ កូនល្អ មិត្តល្អ» ដែលកម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ និងបានបញ្ចប់នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នេះផងដែរ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។
សិស្សានុសិស្សមកពី២៥ខេត្តរាជធានី.ខេត្តប្រមាណ៣០០នាក់ បានមកចូលរួមក្នុងកម្មវិធីនេះ ហើយកំណត់ប្រធានបទ ស្តីពី «ការចូលរួមរបស់យុវជន និងកុមារក្នុងការអភិវឌ្ឍសាលារៀនតាមរយៈបច្ចេកវិទ្យាឌីជីថល » ចំណាត់ថ្នាក់ជ័យលាភីបានទៅលើ សិស្សានុសិស្សខេត្តឧត្តរមានជ័យ ។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា មានប្រសាសន៍ថា៖ប្អូនៗដែលបានចូលរួមក្នុងពិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា គឺជាតំណាងឲ្យកុមារឆ្នើមប្រចាំនៅគ្រឹះស្ថានសិក្សា ប្រចាំរាជធានី.ខេត្តរបស់ខ្លួនអស់ហើយ ដូចនេះការប្រកួតគម្រោងគឺតែងតែមានអ្នកជាប់ និងអ្នកធ្លាក់ ។
ឯកឧត្តមបន្តថា៖ទោះជាយ៉ាងណាកុំយកកក្តាឈ្នះចាញ់ ជាការបន្ទច់បង្អាក់ចិត្តរបស់យើងនូវសកម្មភាពផ្សេងទៀត គឺកុំបាក់ទឹកចិត្ត កុំបោះបង់ការតស៊ូ ពីព្រោះ គ្រប់ទីកន្លែងកំពុងត្រូវការប្អូនៗពុំអាចខ្វះបាន ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ជាយុវជនបំរើការងារស្ម័គ្រចិត្ត តស៊ូរាល់ឧបសគ្គ រហូតទទួលបានតំណែងជាអភិបាលខេត្ត ដែលប្អូនៗត្រូវយកគំរូតាម ចំពោះការចូលរួមការងារស្ម័គ្រចិត្ត ការគោរពវិន័យ និងកែប្រែសីលធម៌ និងឥរិយាបថរបស់យុវជន កុមារ ក្នុងគោលដៅនៃការអភិវឌ្ឍមូលធនមនុស្សរបស់សង្គម ។
គួរបញ្ជាក់ថា៖ចលនាប្រឡងប្រណាំង៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ជាតិឆ្នាំ២០២៥ រៀបចំឡើងនៅខេត្តស្ទឹងត្រែង ចំណាត់ថ្នាក់លេខ១ បានទៅលើ ខេត្តឧត្តរមានជ័យ ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តពោធិ៍សាត់ និងចំណាត់ថ្នាក់លេខ៣ បានទៅលើខេត្តប៉ៃលិន ៕










Post a Comment