បទវិភាគ៖ បង្ហាញទៅកាន់ពិភពលោកនូវភូមិភាគស្វយ័ត Xinjiang ដ៏ពិតប្រាកដមួយ
បរទេស៖ នៅស្រុក Qiemo នៃភូមិភាគស្វយ័ត Xinjiang នៅឆ្នាំ២០២៥ បានលេចចេញកន្លែងបៃតងមួយចំនួនក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ភូមិភាគស្វយ័ត Xinjiang បានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើង ជាង៨សែនហិកតា ដែលបានក្លាយជាខេត្តដែលមានកំណើនស្បៀងច្រើនបំផុតរបស់ចិន ។ លោក LiuYong កសិករដាំដំណាំដ៏ល្បីឈ្មោះក្នុងតំបន់បានថ្លែងថា “ក្នុងវាលខ្សាច់បានដាំក្តីសង្ឃឹម ដែលមានតម្លៃថ្លៃជាងមាស ”។
រឿងរ៉ាវស្តីពី “ក្តីសង្ឃឹមមានតម្លៃថ្លៃជាងមាស” បែបនេះបានលេចចេញពាសពេញនៅតំបន់ជុំវិញភ្នំ Tianshan ។ នេះត្រូវបានបញ្ជាក់ក្នុងសៀវភៅសដែលមានចំណងជើងថា 《ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគ Xinjiang របស់បក្សក្នុងយុគសម័យថ្មី》ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៩ខែកញ្ញា ។ សៀវភៅសដែលមានតួអក្សរប្រហែល២ម៉ឺន១ពាន់បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគ Xinjiang ព្រមទាំងវិធីទទួលបានសមិទ្ធផលនេះ និងតើត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងដូចម្តេចនៅពេលអនាគតតាមរយៈឯកសារប្រវត្តិសាស្ត្រដ៏សម្បូរបែបនិងទិន្នន័យលម្អិត ។
បើសង្កេតមើលមជ្ឈដ្ឋានមតិអន្តរជាតិនៅប៉ុន្មានឆ្នាំកន្លងទៅនេះ សំឡេងផ្សេងៗអំពីភូមិភាគ Xinjiang របស់ចិនគឺលេចចេញមិនដាច់ទេ ។ មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចប្រឌិតរឿងក្លែងក្លាយដែលហៅថា “ការប្រល័យពូជសាសន៍ ”និង“បង្ខិតបង្ខំធ្វើពលកម្ម ”ជាដើម ព្រមទាំងបង្កការដាក់ទណ្ឌកម្មមួយជុំហើយមួយជុំទៀតដោយយកបញ្ហានេះធ្វើជាលេស ។ ប៉ុន្តែពាក្យកុហកនិយាយមួយពាន់ដង ក៏វានៅតែជាពាក្យកុហកដដែល ។ ឆ្លងតាមរយៈសៀវភៅសនេះ មជ្ឈដ្ឋានខាងក្រៅបានមើលឃើញការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅភូមិភាគ Xinjiang ក៏ដូចជាបានមើលឃើញនូវប្រសិទ្ធភាពដ៏លេចធ្លោនៃគោលនយោបាយគ្រប់គ្រងភូមិភាគ Xinjiang នៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យផងដែរ ។
ស្ថិរភាពជារឿងចម្បងនៃភូមិភាគ Xinjiang ។ ភូមិភាគស្វយ័ត Xinjiang នាពេលបច្ចុប្បន្ន មិនបានកើតមានហេតុការណ៍វាយប្រហារដោយភេរវកម្មក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាកម្រិតពេញចិត្តចំពោះអារម្មណ៍សន្តិសុខរបស់ប្រជាជនគ្រប់ជនជាតិបានរក្សាលើសពី៩៩ភាគរយក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ២០២៤ ភូមិភាគ Xinjiang បានទទួលអ្នកទេសចរលើសពី៣រយលាននាក់ អ្នកផងទាំងពួងបាននាំគ្នាកោតសរសើរភូមិភាគ Xinjiang ដែលប្រកបដោយស្ថិរភាព ភាពចុះសម្រុងគ្នានិងសន្តិសុខ ។
ភូមិភាគ Xinjiang នាពេលបច្ចុប្បន្នក៏មាននាមប័ណ្ណមួយទៀតគឺ ច្រកទ្វារដ៏សំខាន់របស់ចិនសម្រាប់បើកទូលាយចំពោះទិសខាងលិច ។ នៅឆ្នាំ២០២៤ រថភ្លើងចិន-អឺរ៉ុប(អាស៊ីកណ្តាល)ដែលបើកឆ្លងកាត់ភូមិភាគ Xinjiang មានចំនួន១ម៉ឺន៦ពាន់៤រយលើក ។ នៅច្រក Alashankou និងច្រក Horgos មានអ្នកទេសចរនិងពាណិជ្ជករជាតិនិងអន្តរជាតិជាច្រើន ។ល។ ពាណិជ្ជកម្មនាំចេញនាំចូលនៃភូមិភាគ Xinjiang បានកើនឡើង០,១ទ្រីលានយាន់ប្រាក់ចិនជារៀងរាល់ឆ្នាំក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ដែលកើនឡើងដល់៤សែន៣ម៉ឺន៤ពាន់១រយលានយាន់ប្រាក់ចិន ។ បច្ចុប្បន្ននេះ ភូមិភាគ Xinjiang បានធ្វើការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ជាង២២០លើទូទាំងពិភពលោក ដែលបានក្លាយជាតំបន់ឈានមុខគេនៃច្រករបៀងមាសរវាងអាស៊ីនិងអឺរ៉ុបនិងការបើកទូលាយចំពោះទិសខាងលិចរបស់ចិន ។
រីឯភូមិភាគ Xinjiang ដែលប្រកបដោយស្ថិរភាព ការអភិវឌ្ឍនិងការបើកទូលាយកំពុងក្លាយជាទីកន្លែងដែលទទួលប្រជាប្រិយភាពពីមនុស្សកាន់តែច្រើនឡើងៗ ។ នៅឆ្នាំ២០២៤ ភូមិភាគ Xinjiang បានទទួលអ្នកទេសចរបរទេសលើសពី៥លាននាក់ ដែលកើនឡើង៤៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ។ អ្នកទេសចរបរទេសទាំងនេះក៏បានក្លាយជាសក្សីនៃរឿងរ៉ាវអំពីការអភិវឌ្ឍនៃភូមិភាគ Xinjiang ផងដែរ ។
ក្នុងដំណើរជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក្រោមកាណែនាំនៃគោលនយោបាយគ្រប់គ្រងភូមិភាគ Xinjiang នៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី ផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃភូមិភាគ Xinjiang មុខជានឹងកាន់តែទូលំទូលាយជាមិនខាន ។ ស្វាគមន៍មិត្តភក្តិបរទេសកាន់តែច្រើនឡើងៗទៅទស្សនាកន្លែងនេះ ដើម្បីទទួលអារម្មណ៍ពីភាពស្រស់ស្អាតនៃភូមិភាគ Xinjiang និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នា ៕
Post a Comment