បទវិភាគ៖ ការដើរទៅកាន់ទិសដៅតែមួយ គឺជាជម្រើសដ៏ល្អបំផុតរបស់ចិននិងអាមេរិក

បរទេស៖ កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំកំពូលនៃប្រទេសចិននិងអាមេរិកម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៣ខែ បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។

        យប់ថ្ងៃទី ១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកប្រកបដោយស្ថិរភាពនៅដំណាក់កាលបន្ទាប់ ។ លោក Xi Jinping បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកមានសារសំខាន់ណាស់ ចិននិងអាមេរិកអាចផ្តល់ជំនួយដល់គ្នាទៅវិញទៅមក ស្វែងរកវិបុលភាពរួម បង្កើតសុខសុភមង្គលដល់ប្រទេសទាំងពីរ ក៏ដូចជាមានអំណោយផលដល់ពិភពលោកផងដែរ ។ លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា ទំនាក់ទំនងរវាងអាមេរិកនិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ការដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបតិ្តការ អាចសម្រេចបាននូវភារកិច្ចជាច្រើនដែលមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពសកល រំពឹងទុកអាចរក្សាទំនាក់ទំនងដ៏មហិមា ល្អប្រសើរនិងយូរអង្វែងជាមួយប្រទេសចិន ។

        ប្រព័ន្ធសារព័ត៌មានរបស់អាមេរិក ដូចជាទីភ្នាក់សារព័ត៌មាន AP និងវិទ្យុសាធារណៈជាតិរបស់អាមេរិកជាដើម បាននាំគ្នាផ្សាយដំណឹងអំពីកិច្ចជំនួបកំពូលនៃប្រមុខរដ្ឋចិននិងអាមេរិកលើកនេះ ។ កាសែត« South China Morning Post »របស់ចិនហុងកុងបានវាយតម្លៃថា កិច្ចជំនួបតាមទូរស័ព្ទរបស់ប្រមុខរដ្ឋចិននិងអាមេរិកលើកនេះជាសញ្ញាកត់សម្គាល់ថា ប្រទេសធំទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត ដើម្បីលំនឹងទំនាក់ទំនង ។

          ប្រវត្តិសាស្ត្រហាក់ដូចជាកញ្ចក់មួយ ដែលបានឆ្លុះបញ្ចាំងពីអតីតកាល និងបំផុសគំនិតពីពេលអនាគត ។ ៨០ឆ្នាំមុន ចិននិងអាមេរិកធ្លាប់ប្រកៀកស្មាគ្នាតស៊ូប្រយុទ្ធដើម្បីសន្តិភាពនិងយុត្តធម៌ ។ បច្ចុប្បន្ននេះ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិននិងអាមេរិកក៏គួរធ្វើកិច្ចសហប្រតិបតិ្តការដើម្បីសន្តិភាពនិងវិបុលភាពសកលក្នុងយុគសម័យថ្មី និងរ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំដែរ ។

        តាំងពីខែឧសភាពឆ្នាំនេះមក ក្រោមការណែនាំពីគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋចិននិងអាមេរិក ទាំងមុនទាំងក្រោយ ក្រុមការងារភាគីទាំងពីរបានធ្វើកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួនបួនជុំ ។ ក្នុងកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដដែលទើបបញ្ចប់នៅសបា្តហ៍នេះ ចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមជាក្របខ័ណ្ឌមូលដ្ឋានស្តីពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង TikTok ឱ្យបានសមរម្យ ។ ប៉ុន្តែអាមេរិកមិនបានបញ្ឈប់ទង្វើខុសឆ្គងដែលបានចាត់វិធានការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយឯកតោភាគីទៅលើប្រទេសចិន ព្រមទាំងបានពង្រីកបញ្ជីឈ្មោះដាក់ទណ្ឌកម្មទៅលើអង្គភាពរបស់ចិនជាបន្តបន្ទាប់ ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានលើកឡើងកង្វល់យ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិករួចហើយ ។

        ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់នូវគោលការណ៍និងគោលជំហររបស់ចិនក្នុងការដោះស្រាយបញ្ហាដ៏លេចធ្លោក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយលើកឡើងថា ភាគីទាំងពីរសុទ្ធតែត្រូវដើរស្របតាមទិសដៅជាមួយគ្នា និងធ្វើកិច្ចខិតខំប្រឹងប្រែង អាមេរិកគួរចៀងវាងពីការចាត់វិធានការដាក់កំហិតខាងពាណិជ្ជកម្មដោយឯកតោភាគី ក្នុងន័យកុំប៉ះពាល់ដល់លទ្ធផលរបស់ភាគីទាំងពីរដែលទទួលបានក្នុងកិច្ចពិគ្រោះពិភាក្សាជាច្រើនជុំ។  ពាក់ព័ន្ធនឹងបញ្ហាTikTok   លោកបានថ្លែងថា “រីករាយឃើញសហគ្រាសធ្វើកិច្ចចរចាពាណិជ្ជកម្មឱ្យបានល្អលើមូលដ្ឋានសមស្របនឹងក្បួនច្បាប់ទីផ្សារ និងឈានដល់ដំណោះស្រាយដែលសមស្របនឹងច្បាប់និងការកំណត់របស់ចិន” ។ រំពឹងទុកអាមេរិកអាចបង្កបង្កើតបរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយភាពបើកទូលាយ យុត្តិធម៌និងមិនរើសអើងសម្រាប់ឱ្យសហគ្រាសចិនទៅបណ្តាក់ទុននៅអាមេរិក ។

ចាត់ទុកប្រវតិ្តសាស្ត្រជាជាមេរៀន ឆ្ពោះទៅកាន់អនាគត ។ បើប្រកាន់ខ្ជាប់ការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរមិនងាករេ និងប្រកាន់ខ្ជាប់ការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរយ៉ាងពិតប្រាកដ នោះចិននិងអាមេរិកក៏មានសមត្ថភាពគ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ និងស្វែងរកផ្លូវសហប្រតិបតិ្តការឈ្នះ-ឈ្នះក្នុងយុគសម័យថ្មី  ក្នុងនាមជាប្រទេសធំ នេះក៏ជាកាតព្វកិច្ចរួមរបស់ចិននិងអាមេរិកដើម្បីអនាគតរបស់ពិភពលោកផងដែរ ៕




Powered by Blogger.