លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក

បរទេស៖ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងចិន-អាមេរិកនាបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់រួមគ្នា ព្រមនិងផ្តល់ការណែនាំជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិកក្នុងដំណាក់កាលបន្ទាប់។ កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះមានភាពប្រាកដប្រជា វិជ្ជមាន និងលក្ខណៈស្ថាបនា។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រជាជនចិននឹងមិនភ្លេចការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសផ្សេងទៀតចំពោះប្រទេសចិនក្នុងអំឡុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនឡើយ។ យើងគួរស្រឡាញ់សន្តិភាព និងត្រួសត្រាយអនាគត ដោយឈរលើមូលដ្ឋានស្តីពីការរំលឹកវិញ្ញាណក្ខន្ធនៃវីរជនដែលបានពលីជីវិតនិងចងចាំពីប្រវត្តិសាស្ត្រ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិកមានសារៈសំខាន់ណាស់ ។ សហរដ្ឋអាមេរិកគួរតែជៀសវាងការចាត់វិធានការរឹតបន្តឹងពាណិជ្ជកម្មដោយឯកតោភាគីដើម្បីកុំឱ្យបង្ខូចសមិទ្ធផលដែលទទួលបានពីការពិគ្រោះពិភាក្សាជាច្រើនជុំរវាងភាគីទាំងពីរ។ គោលជំហររបស់ចិនលើបញ្ហា TikTok គឺច្បាស់ណាស់ ហើយរដ្ឋាភិបាលចិនក៏គោរពតាមបំណងរបស់ក្រុមហ៊ុនចិនដែរ។ ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយភាពបើកចំហ យុត្តិធម៌ និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិនក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក។

ជាការឆ្លើយតប លោក Trump បានថ្លែងថា ព្រឹត្តិការណ៍ត្រួតពលនិងព្យុហយាត្រារបស់ប្រទេសចិន ដើម្បីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនពិតជាអស្ចារ្យណាស់។ ទំនាក់ទំនងអាមេរិក-ចិន គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអាចសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើន ដែលមានអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងរក្សាបាននូវទំនាក់ទំនងដ៏យូរអង្វែងនិងល្អប្រសើរជាមួយប្រទេសចិន និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយនឹងគាំទ្រការពិគ្រោះពិភាក្សារវាងក្រុមការងារនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហា TikTok ឱ្យបានសមរម្យ។ សហរដ្ឋអាមេរិកមានឆន្ទៈរួមសហការជាមួយប្រទេសចិន ដើម្បីថែរក្សាសន្តិភាពពិភពលោក៕



Powered by Blogger.