លោកស្រី Peng Liyuan អញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់អប់រំកុមារី និងស្ត្រីនៃអង្គការយូណេស្កូឆ្នាំ២០២៥ និងសកម្មភាពអបអរសាទរខួបលើកទី ១០នៃការបង្កើតពានរង្វាន់នេះ

បរទេស៖ កាលពីរសៀលថ្ងៃទី ១៩ ខែកញ្ញា ពិធីប្រគល់ពានរង្វាន់អប់រំកុមារីនិងស្ត្រីនៃអង្គការយូណេស្កូ ឆ្នាំ២០២៥ និងសកម្មភាពអបអរសាទរខួបលើកទី ១០នៃការបង្កើតពានរង្វាន់នេះ បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិនលោកXi Jinping និងជាបេសកជនពិសេសរបស់អង្គការយូណេស្កូសម្រាប់ការជំរុញការអប់រំកុមារីនិងស្ត្រី បានអញ្ជើញចូលរួមក្នុងពិធីនេះ ព្រមនិងថ្លែងសុន្ទរកថារួមជាមួយនឹងលោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ។

លោកស្រីPeng Liyuan បានថ្លែងថា ឆ្នាំ២០២៥នេះគឺជាខួបលើកទី ១០ នៃការបង្កើតពានរង្វាន់អង្គការយូណេស្កូសម្រាប់ការអប់រំកុមារីនិងស្ត្រី។ ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍការអប់រំផ្នែកវិទ្យាសាស្ត្ររបស់ស្ត្រី ហើយទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការកសាងសមត្ថភាពសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្ររបស់ស្ត្រីដោយគ្រប់ជ្រុងជ្រោយ និងរួមគ្នាលើកកម្ពស់កម្រិតនៃការអប់រំផ្នែកវិទ្យាសាស្ត្ររបស់ស្ត្រី។

ថ្លែងក្នុងសុន្ទរកថា លោកស្រីAudrey Azoulay បានកោតសរសើរខ្ពស់ចំពោះការរួមចំណែកដ៏ឆ្នើមរបស់លោកស្រី Peng Liyuan ក្នុងការអភិវឌ្ឍការអប់រំសម្រាប់កុមារី និងស្ត្រីនៅទូទាំងពិភពលោក។ លោកស្រីបន្តថា អង្គការយូណេស្កូមានឆន្ទៈបន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជំរុញការអប់រំរបស់កុមារីនិងស្ត្រីនៅទូទាំងពិភពលោកឱ្យទទួលសមិទ្ធផលជាផ្លែផ្កាបន្ថែមទៀត៕





Powered by Blogger.