បណ្ឌិត ជា មុនីឫទ្ធិ ៖ «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» បង្កើនកម្លាំងពហុភាគី សមភាព និងសណ្ឋាប់ធ្នាប់ពិភពលោក
ភ្នំពេញ៖ ការប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព ការគោរពនីតិរដ្ឋអន្តរជាតិ ការគាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ការបន្តតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព និង ការបង្កើនការអនុវត្តនូវសកម្មភាពជាក់ស្តែងដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់នៅក្នុង «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
ជាមួយនឹងការរីកចម្រើនពហុប៉ូលនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច ពិពិធកម្មនៃវប្បធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា អភិបាលកិច្ចសកលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។ ទន្ទឹមនឹងនេះដែរ បញ្ហាផ្សេងៗដូចជា បញ្ហានៃការអភិវឌ្ឍដោយគ្មានតុល្យភាព បទបញ្ញត្តិមិនសមស្រប និងសណ្តាប់ធ្នាប់ដែលគ្មានភាពយុត្តិធម៌ កាន់តែលេចចេញជារូបភាពយ៉ាងច្បាស់នៅក្នុងសង្គមមនុស្សជាតិ។ ប្រឈមទៅនឹងវិបត្តិនិងបញ្ហាប្រឈមទាំងនេះ សហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីគោរពគ្នា និងទុកចិត្តគ្នាទៅវិញទៅមក ជំរុញការផ្លាស់ប្តូរក្រោមគំនិតផ្តួចផ្តើមអភិបាលសកល និងធ្វើការរួមគ្នាដើម្បីជំរុញសន្តិភាព សន្តិសុខ ការបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលមានលក្ខណៈពហុភាគីនិយម គោរពអធិបតេយ្យភាព រក្សាសន្តិសុខ ផ្តល់តម្លៃដល់សមភាព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រព័ន្ធច្បាប់អន្តរជាតិដែលមានស្ថាប័នអង្គការសហប្រជាជាតិជាស្នូល។ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបណ្តារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាអង្គការ និងទីភ្នាក់ងារអន្តរជាតិនានាដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូល។
គោលការណ៍នៃអធិបតេយ្យភាពដែលមានភាពស្មើគ្នាដូចដែលត្រូវបានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាបទដ្ឋានជាមូលដ្ឋានមួយនៅក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ននេះ។ វាបានគ្របដណ្តប់ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ យើងគួរតែគោរពសិទ្ធិរបស់ប្រទេសនីមួយៗនៅក្នុងការជ្រើសរើសមាគ៌ានៃការអភិវឌ្ឍ និងគោលនយោបាយដោយខ្លួនឯង ហើយចូលរួមនៅក្នុងអភិបាលកិច្ចសកលដោយស្មើភាពគ្នា។ ប្រទេសទាំងឡាយ មិនគួរព្យាយាមក្លាយខ្លួនឲ្យទៅជាប្រទេសដែលមានអនុត្តរភាព ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែលអាចធ្វើឲ្យមានក្តីអន្តរាយដល់សន្តិសុខជាតិរបស់ប្រទេសផ្សេងទៀតនោះទេ ដែលនេះជាបុរេលក្ខខណ្ឌដ៏សំខាន់មួយនៅក្នុង«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដែលនឹងបង្កើនសម្លេងកាន់តែខ្លាំងនៃស្មារតីផ្លូវសូត្របុរាណកាលពីជាង២០០០ឆ្នាំ និងបានពង្រីកវិសាលភាពនៃស្មារតីឌុងកាលពី៧០ឆ្នាំមុន ហើយសច្ចារួមគ្នាជំរុញទំនើបកម្មពិភពលោកក្នុងការត្រួសត្រាយអនាគតកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិ។
ជំរុញការបើកចំហ និងកិច្ចសហប្រតិបត្តិការ ដូចដែលជនជាតិចិនបុរាណធ្លាប់បាននិយាយថា «នៅពេលដែលមានការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក ពិភពលោកនឹងមានសណ្តាប់ធ្នាប់ល្អ។ ហើយនៅពេលដែលមានការស្អប់ខ្ពើមគ្នាទៅវិញទៅមក នោះពិភពលោកនឹងជួបប្រទះនូវភាពវឹកវរ»។ ដោយលុបបំបាត់ចោលឲ្យអស់នូវរាល់គំនិតចាស់គំរឹលនៅក្នុង«ល្បែងផលបូកស្មើសូន្យ» ឬគំនិត«អ្នកឈ្នះជាអ្នកសម្រេច» នោះ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»នឹងក្លាយជាមាគ៌ាដ៏សំខាន់បន្ថែមទៀតចាក់បញ្ចូលទៅក្នុងពិភពលោកជាក់ស្តែង ទាំងសេរីភាព និងសណ្តាប់ធ្នាប់ គឺមានភាពចាំបាច់ណាស់នៅក្នុងសង្គមមនុស្សជាតិ។ សេរីភាព គឺជាអ្វីដែលសណ្តាប់ធ្នាប់សំដៅចង់បាន ហើយសណ្តាប់ធ្នាប់គឺជាអ្នកធានាឲ្យបាននូវសេរីភាព។
មនុស្សជាតិកំពុងស្ថិតនៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏សំខាន់ ក៏ដូចជាការប្រែប្រួល និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ និន្នាការឆ្ពោះទៅរកពហុប៉ូលនៃពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។ វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មាន វិទ្យាភាវូបនីយកម្មនៅក្នុងការអភិវឌ្ឍសង្គម និងក្នុងការលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌។ ដំណាក់កាលថ្មីនៃបដិវត្តផ្នែកវិទ្យាសាស្រ្ត និងឧស្សាហកម្ម កំពុងមានដំណើរការទៅមុខ នោះ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»នឹងក្លាយជាតំណភ្ជាប់គ្នានិងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនានាដែលនឹងផ្តល់សារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ ដូចមានចែងនៅក្នុងខ្លឹមសារនៃ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» យើងនឹងយល់កាន់តែច្បាស់បន្ថែមទៀតថា ឥទ្ធិពលនៃសន្តិភាពមានច្រើនលើសលុបបើធៀបជាមួយនឹងកត្តានានាដែលអាចបង្កឲ្យមានសង្រ្គាម ហើយនិន្នាការរបស់យើងដើម្បីឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះនាពេលនេះ ទទួលបាននូវសន្ទុះខ្លាំងជាងពេលមុនៗ។
គួរបញ្ជាក់ថា ក្នុងពេលចូលរួមនៅក្នុងវេទិកាវិទ្យាសាស្រ្តជាច្រើនក្នុងប្រទេសចិន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចឡើងទស្សនាទានជាច្រើនពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ដោយក្នុងនោះ «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» បានក្លាយជាប្រធានបទដ៏សំខាន់មួយទៀតដែលលោកបណ្ឌិតបានយកមកសិក្សា យកមកវិភាគ និងយកមកចែករំលែក។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងមក លោកបណ្ឌិតក៏បានចែករំលែក«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»នេះក្នុងកម្មវិធីបាឋកថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ហើយក្នុងឱកាសចូលរួមក្នុងវេទិកាBeijing Xiangshan លើកទី១២ លោកបណ្ឌិតក៏បានបញ្ចេញនូវអត្ថបទវិភាគពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»នេះផងដែរ៕
Post a Comment