NATO ព្រមានរុស្ស៉ីឱ្យឈប់បង្កហេតុ បន្ទាប់ពីមានការបំពានដែនអាកាស លើសមាជិករបស់ខ្លួន
ព្រុចសែល៖ អង្គការណាតូ (NATO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានថា នឹងប្រើគ្រប់មធ្យោបាយចាំបាច់ទាំងអស់ ដើម្បីការពារខ្លួន ហើយចាត់ទុកសកម្មភាពបំពានដែនអាកាសអេស្តូនី ពីសំណាក់រុស្ស៉ី ថាជាលំនាំនៃអាកប្បកិរិយាកាន់តែមិនទទួលខុសត្រូវ។
បក្សសម្ព័ន្ធយោធាមួយនេះបញ្ជាក់ថា «ខ្លួននឹងឆ្លើយតបចំពោះសកម្មភាពរបស់រុស្ស៉ី ទៅតាមលក្ខណៈ ពេលវេលា
និងដែននៃការជ្រើសរើសរបស់យើង។ រុស្ស៉ីមិនគួរស្រពិចស្រពិលទេ ថាណាតូ
និងសម្ព័ន្ធមិត្តនឹងអនុវត្តបែបណា ស្របតាមច្បាប់អន្តរជាតិ ប្រើប្រាស់សម្ភារយោធា
និងមិនមែនយោធាចាំបាច់ទាំងអស់ ដើម្បីការពារខ្លួន
រារាំងរាល់ការគំរាមកំហែងពីគ្រប់ទិសទី»។
អេស្តូនី បានអះអាងកាលពីសប្តាហ៍មុនថា
យន្តហោះចម្បាំរុស្ស៉ី MiG-31 បានហោះចូលដែនអាកាសរបស់ខ្លួន
រយៈពេល ១២នាទី ខណៈដែលរុស្ស៉ីថាជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់
ហើយចោទប្រកាន់អេស្តូនីថា ចង់បង្កើនភាពតានតឹងរវាងលោកខាងលិច និងលោកខាងកើត។ NATO
បានកោះប្រជុំក្រុមប្រឹក្សារបស់ខ្លួនចូលរួមដោយឯកអគ្គរដ្ឋទូត
មកពីប្រទេសសមាជិកចំនួន ៣២ ដើម្បីជជែកអំពីមាត្រា ៤នៃសន្ធិសញ្ញាណាតូ៕

Post a Comment