រុស្ស៊ី និងអ៊ីរ៉ង់ ចុះអនុស្សរណៈសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចនៅអ៊ីរ៉ង់
មូស្គូ៖ សាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានប្រកាសថា រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីថ្ងៃពុធ លើកិច្ចសហប្រតិបត្តិការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចនៅក្នុងប្រទេសអ៊ីរ៉ង់។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងជំនួបមួយនៅទីក្រុងមូស្គូ
រវាងប្រធានក្រុមហ៊ុន Rosatom លោក Alexei
Likhachev និងប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad
Eslami។ ក្រុមហ៊ុន Rosatom បានហៅគម្រោងនេះថាជា
«គម្រោងជាយុទ្ធសាស្ត្រ»។
លោក Eslami ដែលជាអនុប្រធានាធិបតីអ៊ីរ៉ង់ផងដែរ
បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់កាលពីដើមសប្តាហ៍នេះថា
ផែនការនេះគឺដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនប្រាំបី
ខណៈដែលទីក្រុងតេអេរ៉ង់ កំពុងព្យាយាមសម្រេចឲ្យបាននូវសមត្ថភាពថាមពលនុយក្លេអ៊ែរ ២០
ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៤០។
គួរបញ្ជាក់ថា
បច្ចុប្បន្នអ៊ីរ៉ង់ដែលតែងតែទទួលរងនូវការខ្វះខាតអគ្គិសនីក្នុងអំឡុងខែដែលមានតម្រូវការខ្ពស់
មានរោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងប្រតិបត្តិការតែមួយគត់នៅទីក្រុង Bushehr
ភាគខាងត្បូងនៃប្រទេស។ រោងចក្រនេះត្រូវបានសាងសង់ឡើងដោយប្រទេសរុស្ស៊ី
និងមានសមត្ថភាពផលិតថាមពលប្រហែល ១ ជីហ្គាវ៉ាត់។
រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់
ហើយកន្លងមកបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក
និងអ៊ីស្រាអែលមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់អះអាងថា
កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ៕ (ប្រភព៖ Reuters)

Post a Comment