សម្តេចធិបតី ប្រាប់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ពីផែនការដែលយោធាថៃមានបំណងប្រើកម្លាំងដណ្តើមយកទឹកដីកម្ពុជាចំនួន ១៧ទីតាំងផ្សេងទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងមេដឹកនាំធំៗនៅលើពិភពលោក ពីផែនការដែលយោធាថៃ មានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីកម្ពុជា នៅទីតាំងចំនួន ១៧ផ្សេងទៀត នៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ពីសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើជូន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានា ដែលរួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក អង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសប្រជាជាតិលើកទី៨០។

នៅក្នុងសេចក្តីប្រកាសព័ត៍មាននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់មេដឹកនាំធំៗលើពិភពលោកដូចនេះថា «ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជាឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជាលទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ ២០០០)។ អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងមានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រង សន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ «ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង...ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ»

វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សា៕






 

Powered by Blogger.