សហភាពអឺរ៉ុប ស្នើដាក់ទណ្ឌកម្ម និងកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្កាហ្សា

ព្រុចសែល៖ សហភាពអឺរ៉ុប នៅថ្ងៃពុធ ទី១៧ ខែកញ្ញា បានស្នើឱ្យមានការកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីមួយចំនួន ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា ទោះបីជាមានការស្ទាក់ស្ទើរពីបណ្តារដ្ឋជាសមាជិកសំខាន់ៗ ដែលអាចប្រឈមនឹងការរារាំងវិធានការនេះក៏ដោយ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ដែលកំពុងកើតឡើងនៅតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ត្រូវតែបញ្ឈប់»។ លោកស្រីបានបន្ថែមថា «ត្រូវតែមានបទឈប់បាញ់ជាបន្ទាន់ ការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទាំងអស់ចូលដោយគ្មានការរារាំង និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស»

ក្រោមសំណើថ្មីនេះ ទីក្រុងព្រុចសែលកំពុងជំរុញឱ្យមានការផ្អាកផ្នែកខ្លះ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ដែលអនុញ្ញាតឱ្យមានការកាត់បន្ថយពន្ធគយលើទំនិញដែលនាំចូលពីប្រទេសនេះ។

មន្ត្រីនិយាយថា វិធានការនេះនឹងប៉ះពាល់ដល់ការនាំចេញរបស់អ៊ីស្រាអែលជាងមួយភាគបីទៅកាន់សហភាពអឺរ៉ុប ដែលមានតម្លៃប្រហែល ៦ពាន់លានអឺរ៉ូ រួមទាំងផលិតផលកសិកម្មសំខាន់ៗដូចជា ផ្លែល្មើ និងគ្រាប់ធញ្ញជាតិ។ ទន្ទឹមនោះ គណៈកម្មការក៏បានអំពាវនាវឱ្យមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ទិដ្ឋាការលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល គឺលោក Itamar Ben Gvir និងលោក Bezalel Smotrich ដែលវោហាសាស្ត្រជ្រុលនិយមរបស់ពួកគេ ត្រូវបានគេបន្ទោសថាបានជំរុញឱ្យមានអំពើហិង្សា។

ស្របពេលជាមួយគ្នានេះ គណៈកម្មការរបស់លោកស្រី von der Leyen អាចសម្រេចចិត្តដោយខ្លួនឯងក្នុងការបង្កកជំនួយទ្វេភាគីប្រមាណ ២០លានអឺរ៉ូ ដែលជាសកម្មភាពបន្ទាន់មួយ។ ជំហាននេះនឹងមិនរាប់បញ្ចូលថវិកាដែលត្រូវផ្តល់ជូនក្រុមសង្គមស៊ីវិល និងសារមន្ទីររំលឹកពីអំពើប្រល័យពូជសាសន៍ Yad Vashem របស់អ៊ីស្រាអែលឡើយ៕ (ប្រភព៖ AFP)



 

Powered by Blogger.