កម្មវិធី “ស៊ីនជាំងជាទីកន្លែងដ៏ស្រស់ស្អាត” នឹងជួយគាំទ្រដល់យុទ្ធនាការ“ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”

ភ្នំពេញ៖ ប្រទេសកម្ពុជា និងភាគី ចិននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធី “ស៊ីនជាំងជាទីកន្លែងដ៏ស្រស់ស្អាត”នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងជាការចូលរួមគាំទ្រដល់យុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”។

  ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងកម្ពុជា-ចិន ពិសេសតាមរយៈយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ដែលយើងបានអនុវត្តរួមគ្នាជាបន្តបន្ទាប់ជាក់ស្តែងកម្មវិធី“ស៊ីនជាំង ជាទីកន្លែងដ៏ស្រស់ស្អាត”ពិតជាមានសារៈសំខាន់ណាស់ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប, សហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំថែមទៀត។ កម្មវិធីនេះក៏នឹងជួយគាំទ្រដល់យុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” និងចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន។

  ឯកឧត្តម  Cheng Cong អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចាត់ទុកថា ប្រទេសកម្ពុជា និងចិនមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរណាស់មកហើយ ដោយប្រទេសទាំងពីរចាត់ទុកការផ្លាស់ប្ដូរភ្ញៀវទេសចរនិងវប្បធម៌ជារឿងសំខាន់ និងត្រូវថ្នាក់ដឹកនាំជំរុញការងារនេះជាប្រចាំដើម្បីធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរកាន់តែមានភាពស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។

  លោកជំទាវឧកញ៉ា ឆាយ ស៊ីវ លីន ប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកព្រឹត្តិការណ៍ នេះ គឺជាការផ្លាស់ប្ដូរ និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ជាពិសេសតំបន់ទេសចរណ៍ដ៏សម្បូរបែបនៃទឹកដីស៊ីនជាំងរបស់ចិន។

  កម្មវិធី“ស៊ីនជាំងនេះ លោក Liang Jian អធិការទីពីរនៃតំបន់ស្វយ័ត Xinjiang Uygur បានធ្វើបទបង្ហាញពីសក្តានុពលទេសចរណ៍របស់តំបន់ស្វយ័ត“ស៊ីនជាំង មានរហូតដល់រាប់ពាន់កន្លែង មានដូចជាតំបន់ធម្មជាតិ តំបន់ប្រវត្តិសាស្ត្រជាដើម។

  សូមបញ្ជាក់ថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានប្រមាណ ២,៤លាននាក់ នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៦,៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ៨៥ម៉ឺននាក់ កើនឡើង៥៥%។ សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ៤,០៥០.២២៧លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជិត ៨សែននាក់(៧៨៤.៩៦៥នាក់) កើនឡើង៤៥,៧% ៕











Powered by Blogger.