ទង្វើរបស់កងកម្លាំងចម្រុះថៃ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលបានឯកភាពគ្នា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «អំពើហិង្សាដែលបង្កដោយទាហានថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។
ករណីនេះ បានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា
ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៣៖៤៤នាទី ដោយកងទ័ពថៃប្រដាប់ដោយអាវុធ
និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបង និងខែល
ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត
នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។
ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន
និងបានរើបន្លាលួសទាំងនោះចេញវិញ។
ការតវ៉ាការពារដីស្របច្បាប់របស់ខ្លួន
បានបណ្តាលឱ្យ សមត្ថកិច្ចថៃបាញ់កាំភ្លើងគ្រាប់ជ័រ
និងគ្រាប់បែកផ្សែងមុខលើប្រជាពលរដ្ឋខ្មែរ និងប្រើប្រាស់ឧបករណ៍សំឡេង
ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល
ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប
និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី បណ្តាលឲ្យកងកម្លាំង ប្រជាពលរដ្ឋ
និងព្រះសង្ឃចំនួនយ៉ាងតិច២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។
ករណីនេះទង្វើរបស់កងកម្លាំងចម្រុះរបស់ថៃ
ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
ចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ
ដែលប្រទេសទាំងពីរឯកភាពគ្នា៕
Post a Comment