អាមេរិក បង្រ្កាបទូកវ៉េណេស៊ុយអេឡាមួយគ្រឿងទៀត ដែលដឹកគ្រឿងញៀន សម្លាប់មនុស្ស ៣នាក់
វ៉ាស៊ីនតោន៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា យោធាអាមេរិក បានវាយប្រហារទូកមួយគ្រឿងទៀតរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន របស់ប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថា កំពុងធ្វើដំណើរឆ្ពោះមកសហរដ្ឋអាមេរិក។
នេះជាប្រតិបត្តិការលើកទីពីរ
ដែលសហរដ្ឋអាមេរិកបានធ្វើឡើង ប្រឆាំងនឹងទូកដែលសង្ស័យថាមានគ្រឿងញៀន
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ តាមលោក ត្រាំ បុរស៣នាក់ត្រូវបានសម្លាប់
ដោយបន្ថែមថា វាបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ
ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងដែលថា ទូកនោះកំពុងដឹកគ្រឿងញៀនឡើយ។
ខ្លឹមសារដែលលោក ត្រាំ បង្ហោះនៅលើ Truth
Social បញ្ជាក់ថា «តាមការបញ្ជារបស់ខ្ញុំ
កងកម្លាំងយោធាអាមេរិក បានធ្វើសកម្មភាពបង្រ្កាបជាលើកទីពីរ
ប្រឆាំងក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានកំណត់អត្តសញ្ញាណជាវិជ្ជមាន ដោយទីបញ្ជាការ SOUTHCOM
របស់យើង។ ក្រុមទាំងនេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិ
គោលនយោបាយការបរទេស និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក»។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែកញ្ញា យោធាអាមេរិក
បានវាយប្រហារទូកមួយគ្រឿងរបស់វ៉េណេស៊ុយអេឡា ដោយចោទប្រកាន់ថាអ្នកជិះទូកនោះ
គឺជាសមាជិកនៃក្រុមជនអន្ធពាល Tren de Aragua ដោយបានសម្លាប់មនុស្ស
១១នាក់។ កាលណោះ រដ្ឋបាលត្រាំបានផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះ
ទោះបីជាមានការទាមទារពីសមាជិកសភាអាមេរិក
ឱ្យបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពនោះក៏ដោយ៕ (ប្រភព៖ Reuters)
Post a Comment