រយៈពេល៣ថ្ងៃចុងក្រោយនេះ រថយន្តជាង៤ម៉ឺន ៥ពាន់គ្រឿង ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃចុងក្រោយនេះ ពោលគិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកញ្ញា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ យ៉ាងហោចណាស់មានរថយន្តរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៤៥ ៦០៦គ្រឿង បានចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា។
ចំនួននេះ រាប់តែរថយន្ត មិនទាន់រាប់ម៉ូតូកង់៣
និងម៉ូតូនៅឡើយទេ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩
ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ
ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី
និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ សម្រាប់រយៈពេល១សប្តាហ៍
ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
សូមជម្រាបថា កាសយានដ្ឋានអន្តរជាតិតេជោ
ត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន
និងបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០២០ ដោយស្ថាបត្យករ វិស្វករ
និងអ្នកសាងសង់ប្រមាណ៩០% ជាកូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ
បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយជើងហោះហើរដំបូងគេ
គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០
ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ
ស្ថិតនៅក្នុងគម្រោងវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន
ដោយទុនវិនិយោគគឺជារបស់ជនជាតិខ្មែរ ១០០% ដោយដំបូងឡើយគ្រោងចំណាយលើការសាងសង់ប្រមាណ ១,៥០០លានដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងកើនឡើងដល់ជាង ២,១៥០លានដុល្លារអាមេរិក (២,១៥ប៊ីលានដុល្លារ)។ រចនា
និងសាងសង់ឡើងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន
ស្ថានីយអ្នកដំណើរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស
និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។
អាកាសយានដ្ឋានអន្តរជាតិតេជោ
ដ៏ធំប្រណិតនេះត្រូវបានសាងសង់ឡើងលើផ្ទៃដី ២,៦០០ហិកតា
ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ
ដែលមានទីតាំងប្រហែល២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ
ប្រភេទ 4F
ដែលជាកម្រិតខ្ពស់បំផុត ហើយអាចស្រូបយក
និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus
A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល
ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក
ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ
ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១
លើពិភពលោកផងដែរ៕
Post a Comment