សហរដ្ឋអាមេរិក ព្រមលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះទៅឱ្យប៉ូឡូញ តម្លៃ៧៨០លានដុល្លារ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា បានប្រកាសពីការយល់ព្រមលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin រួមទាំងគ្រាប់មីស៊ីល ក្នុងទំហំទឹកប្រាក់ ៧៨០លានដុល្លារ ទៅឱ្យប៉ូឡូញជាសមាជិក NATO ដែលមានព្រំដែនជាប់រុស្ស៉ី និងអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់កិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់សហរដ្ឋអាមេរិក DSCA បានគូសបញ្ជាក់ថា «សំណើលក់នេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកតាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃប្រទេសមួយដែលជាសមាជិក NATO និងដែលជាកម្លាំងមួយដើម្បីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ អឺរ៉ុប»

ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ទៅឱ្យប៉ូឡូញ ហើយទីភ្នាក់ងារ DSCA បានជូនដំណឹងទៅការសភាទាំង២របស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំ ការអនុម័ត។

សូមជម្រាបថា ប៉ូឡូញគឺជាដៃគូដ៏សំខាន់មួយរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ដោយភ័យខ្លាចពីការគំរាមកំហែងពីរុស្ស៉ី ប៉ូឡូញជាច្រើនឆ្នាំ មកនេះបានប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន ជាមួយការចុះកិច្ចព្រមព្រៀងទិញអាវុធជាពិសេសពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប៉ូឡូញក៏បានបង្កើនរួចហើយដែរកញ្ចប់ថវិកាយោធាដល់ ៤.៧ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ក្នុងឆ្នាំ២០២៥ និងមានគម្រោងបង្កើនកញ្ចប់ថវិកាយោធានៅឆ្នាំក្រោយទៀត៕ (ប្រភព៖ AFP)



 

Powered by Blogger.