រដ្ឋមន្ដ្រី ហួត ហាក់ ចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញផ្លាស់ប្ដូរដល់វិស័យទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពីទេសចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ
មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា, គ្រឹះស្ថានអង្គរ,
មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ,រដ្ឋបាលក្រុង/ស្រុក,
សមាគមទេសចរណ៍, សហគមន៍ទេសចរណ៍, វាគ្មិនកិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់។
ឆ្លៀងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី
មានប្រសាសន៍ថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល
ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា «AI» បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ,ការសិក្សា, ការប្រកបអាជីវកម្ម, វិទ្យាសាស្ត្រសុខាភិបាល, យោធា ការផ្ដល់សេវាសាធារណៈ,
ការធ្វើធុរកិច្ច និង ទេសចរណ៍ ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា
បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន
និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ចដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី
បានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថលត្រូវបានគេប្រើប្រាស់សម្រាប់ការចាប់យកកាលានុវត្តភាព
និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ
ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម
និងការធានានូវឧត្ដមភាពប្រកួតប្រជែងក្នុងទីផ្សារ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា
ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ
នៃការកែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេស ការផ្ដល់សេវាសាធារណៈ
សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព,
និងកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរឡើង
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន
និងប្រជាជនទូទាំងប្រទេស៕
Post a Comment