សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សិក្ខាសាលានេះ ត្រូវបានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ (ក.ក.ជ) សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំធ្វើឡើង នៅសាលប្រជុំអគារAសាលាខេត្តរតនគិរី។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

គោលបំណងសិក្ខាសាលា គឺបង្កើនការយល់ដឹងដល់ ភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ពីខ្លឹមសារ និងសារៈសំខាន់ នៃយុទ្ធសាស្ត្រ ជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ។ លើកកម្ពស់ការចូលរួមពីគ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ឱ្យមានប្រសិទ្ធភាព និងទទួល បានលទ្ធផល។ពិភាក្សាបទពិសោធន៍ល្អៗ និងមេរៀននានា និងធ្វើការឆ្លុះបញ្ចាំង ពីសកម្មភាព ឬគម្រោងរបស់ស្ថាប័ នពាក់ព័ន្ធ ដែលអាចចូលរួមចំណែកអនុវត្ត និងឆ្លើយតបទៅនឹងគោលដៅរបស់យុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨។

បន្ទាប់ពី ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទីរាយការណ៍សង្ខេបអំពីលទ្ធផលបូកសរុប ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភរយៈពេល៩ខែដើមឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី រួចមក ឯកឧត្តមបណ្ឌិត សំ សារ៉ាត បានលើកឡើងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)ជាស្ថាប័នដឹកនាំសហការ សម្រប សម្រួល ពហុវិស័យ និងអន្តរវិស័យសម្រាប់ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ ក.ក.ជ. បានដឹកនាំ និង រៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានបីលើករួចមកហើយ គឺប្រាំឆ្នាំលើកទី១, ២០១៤-២០១៨, ប្រាំឆ្នាំលើកទី២, ២០១៩ - ២០២៣ និងប្រាំឆ្នាំលើកទី៣, ២០២៤-២០២៨ ដែលមាន ការចូលរួមរៀបចំ និងគាំទ្រពីគ្រប់ភាគីក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេស រដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ។ដើម្បីជំរុញ ឱ្យការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ ២០២៤- ២០២៨ នេះ មានការយល់ដឹង និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ក.ក.ជ បានសហការជាមួយគណៈអភិបាលរាជធានី ខេត្ត និងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (ក.ដ.ស.ស.អ.) និងដៃគូអភិវឌ្ឍន៍រៀបចំ សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិនេះបន្ត ទៅដល់ស្ថាប័នថ្នាក់ក្រោមជាតិទូទាំងប្រទេស។ ក.ដ.ស.ស.អ. គឺ ជាស្ថាប័នថ្នាក់ក្រោមជាតិចូលរួមសហការ ធ្វើផែនការអនុវត្តន៍ដោយផ្ទាល់ ជាមួយស្ថាប័នជំនាញថ្នាក់ខេត្តទទួលខុសត្រូវដឹកនាំតាមវិស័យ សកម្មភាព អាទិភាពរួម ដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិ ស្តីអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ ២០២៤-២០២៨។ 

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ សង្ឃឹមជឿជាក់ថា អ្នកចូលរួមនឹងទទួលបានចំណេះដឹងពីខ្លឹមសារសំខាន់ៗនៃយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ចូលរួមពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាពក្នុងក្របខណ្ឌក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤ - ២០២៨ ។ ត្រៀមរៀបចំថវិកាសម្រាប់ការអនុវត្តយុទ្ធសាស្ត្រនេះរួមគ្នា ផ្អែកតាមភារកិច្ច ស្ថាប័នរៀងៗខ្លួនត្រៀមរៀបចំធ្វើផែនការតាមដាន និងត្រួតពិនិត្យលើវឌ្ឍន៍ភាពនៃ ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨មានការយល់ដឹងកាន់តែស៊ីជម្រៅក្នុងការសម្របសម្រួលសហការជាមួយនឹងអគ្គលេខាធិការដ្ឋាន ក. ក.ជ.៕












Powered by Blogger.