កម្ពុជា-ចិន ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងផែនការនានា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ ៖ កម្ពុជា-ចិន បានពិភាក្សា លើប្រធានបទសំខាន់ៗ ក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោង ផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម។
នៅថ្ងៃទី១៦ កញ្ញា ឧបនាយករដ្ឋមន្ត្រី ស៊ុន
ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធាន
គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ
លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យ គណៈកម្មការ កិច្ចការបរទេស នៃគណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន។
កិច្ចប្រជុំនាឱកាសនេះ
បានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ
និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម
ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម
ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា
និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា
គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣
តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧
រមាត-ត្រពាំងគ្រៀល, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះ
ទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជា
ទៅកាន់ប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី
និងអង្ករ ជាដើម។
លើកឡើងក្នុងកិច្ចប្រជុំនេះ
លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះប្រទេសចិន ដែលទទួលបានភាពជោគជ័យ
លើការរៀបចំកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការ សៀងហៃបូក
និងពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់ប្រជាជនចិន តស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន
និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនាពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរ ភាគីមិត្ត បានវាយតម្លៃខ្ពស់
លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹង
មិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនា រួមនិងផលប្រយោជន៍ទៅវិញទៅមក។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់
ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ
រវាងប្រទេសទាំងពីរបានមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់
ពោលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាលពីឆ្នាំ២០១២មានទំហំតិចជាង
៥០០លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤កើនឡើងដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។
តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន។
បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់
សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់គឺជាការវិនិយោគ
របស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥
មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង
បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។
ជាមួយគ្នានេះដែរចំពោះការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ
មានគម្រោងវិនិយោគចំនួន
៤៩១គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕
Post a Comment