ប្រមុខការពារជាតិ កម្ពុជា-ចិន នឹងជួបពិភាក្សាការងារ ដើម្បីជំរុញចំណងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក តុង ជីន រដ្ឋមន្ត្រីការពារជាតិចិន នឹងជួបមុខគ្នា នាទីក្រុងប៉េកាំង ក្នុងគោលបំណង ដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ការពារជាតិ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា។
សេចក្ដីប្រកាសដដែលបានឱ្យដឹងថា តបតាមការ
អញ្ជើញរបស់ លោក តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ
នៃសាធារណរដ្ឋប្រជាមានិតចិន ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ
នឹងដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹង
ប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង
សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាស នៃការចូលរួមវេទិកា ឧបនាយករដ្ឋមន្រ្តី
ទៀ សីហា នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី
“ការកសាងសន្តិភាពតំបន់តាមរយៈកិច្ច សន្ទនា និងការពិគ្រោះយោបល់” (Building
Reginal Peace Through Dialogue and Consultation)។
ទន្ទឹមនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនិងប្រធានប្រតិភូនៃបណ្ដាប្រទេសជាមិត្ត ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម ម៉ាឡេស៊ី និង សិង្ហបូរី ក៏ដូចជាជំនួប ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខជាមួយគ្នា៕
Post a Comment