ជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើលោក Charlie Kirk អាចប្រឈមនឹងទោសប្រហារជីវិត

វ៉ាស៊ីនតោន តាមការប្រកាសរបស់ក្រុមរដ្ឋអាជ្ញាអាមេរិកក្នុងរដ្ឋ Utah ឱ្យដឹងថា ជនសង្ស័យនៅក្នុងសំណុំរឿងឃាតកម្មលើសកម្មជននយោបាយអភិរក្សនិយមអាមេរិកដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរដែលអាចប្រឈមនឹងទោសប្រហារជីវិត។

នៅឯសន្និសីទសារព័ត៌មាន លោក Jeff Gray បានបញ្ជាក់ថា «ក្រោយបានត្រួតពិនិត្យលើភស្តុតាងដែលមន្ត្រីអនុវត្តច្បាប់ប្រមូលបានមកទល់នឹងពេលនេះ ខ្ញុំ...សម្រេចចោទប្រកាន់ Tyler James Robinson មានអាយុ២២ឆ្នាំ ជាមួយបទឧក្រិដ្ឋដូចខាងក្រោម៖ បទមនុស្សឃាតមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរដែលអាចប្រឈមនឹងទោសប្រហារជីវិត...ព្រមទាំងបទចោទចំនួន៦ ផ្សេងទៀតក្នុងនោះរួមមានរារាំងដល់ការស្វែងរកយុត្តិធម៌ និងសម្លុតគំរាមសាក្សីកុំឱ្យនិយាយ»។ លោក Jeff Gray ក៏បានប្ដេជ្ញាផងដែរថានឹងស្វែងរកការដាក់ទោសប្រហារជីវិតជនសង្ស័យ Robinson

លោក Kirk ដែលជាមនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានបាញ់សម្លាប់កាលពីសប្ដាហ៍មុន ក្នុងពេលកំពុងសំណេះសំណាលជាមួយក្រុមនិស្សិតនៅឯ សាកលវិទ្យាល័យ Utah។ លោកគឺជាស្ថាបនិកចលនាយុវជននយោបាយអភិរក្សនិយមដ៏មានឥទ្ធិពលម្នាក់នៅក្នុងសហរដ្ឋអាមេរិក Turning Point USA។ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tyler Robinson មានអាយុ ២២ឆ្នាំ បានប្រើប្រាស់កាំភ្លើងវែងមួយដើមដើម្បីបាញ់សម្លាប់លោក Kirk ជាមួយគ្រាប់កាំភ្លើងតែមួយគ្រាប់គត់បាញ់ចំករបស់លោកចេញពី លើដំបូលមួយ។ Robinson ត្រូវបានចាប់ខ្លួនក្រោយរត់គេចខ្លួនអស់រយៈពេល៣៣ម៉ោង។

សូមជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សេតវិមានបាននិយាយថាខ្លួននឹងតាមប្រមាញ់ចលនាឆ្វេងនិយមជ្រុលដែលត្រូវបានចាត់ទុកថាជាចលនាភេរវករនៅក្នុងស្រុក និងដែលត្រូវបាន ចោទថាជាអ្នកសម្លាប់លោក Charlie Kirk ដោយបង្កឱ្យមានការព្រួយបារម្ភថាយុទ្ធនាការបែបនេះអាចនឹងត្រូវបានប្រើប្រាស់ដើម្បីបំបិទមាត់អ្នកនយោបាយប្រឆាំង៕ (ប្រភព៖ AFP)



 

Powered by Blogger.