បណ្ឌិត ជា មុនីឫទ្ធិ ៖ សារព័ត៌មានជាស្ពានលំហអាកាសប្រកបដោយប្រសិទ្ធភាពខ្ពស់នៃទំនាក់ទំនងរវាងកម្ពុជាចិន
គុនមីង៖ ពេញមួយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន វេទិកាកាហ្វេDian បានប្រមូលផ្តុំសម្លេងអ្នកសារព័ត៌មាន និងក្រុមអ្នកវិភាគលើការងារសង្គម ក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង និង អាស៊ីអគ្នេយ៍ សរុបចំនួន១៦ប្រទេស។
នៅក្នុងជំនួបជាមួយលោកជំទាវ ចឹង យាន (Zeng Yan) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន លើខ្លឹមសារសៀវភៅ «ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន» លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា សៀវភៅអភិបាលកិច្ចប្រទេសចិនគឺជាប្រាជ្ញាចិនប្រកបដោយគតិបណ្ឌិតនិងទឡ្ហីករណ៍បែបគរុសភាដែលមិនត្រឹមផ្តល់នូវវិភាគទានគំនិតអភិវឌ្ឍប្រកបចីរភាពនៃបទពិសោធន៍ដ៏ជោគជ័យរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាគតិសម្រាប់ផ្តល់ជាធាតុចូលដល់បន្តប្រទេសទាំងឡាយលើការរួមគ្នាជាមួយចិនក្នុងការថែរក្សាសុខសន្តិភាពសម្រាប់ពិភពលោកដោយភក្តីភាពដ៏មោះមុតនិងឥតងាករេរបស់ប្រជាជាតិចិនលើការធានាសន្តិភាព ការបង្កើនសម្លេងពហុភាគីនិយម ការរក្សាលំនិតសន្តិសុខ ការជំរុញល្បឿននៃការអភិវឌ្ឍ ការគោរពនិងផ្តល់គុណតម្លៃដល់អរិយធម៌ និងរួមគ្នាគោរពច្បាប់ក្រោមទម្រនៃអភិបាលកិច្ច។
បន្ថែមពីលើនេះ ថ្លែងនៅក្នុងវេទិកាកាហ្វេDian ឆ្នាំ២០២៥នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រទេសកម្ពុជា លោកបណ្ឌិតបានរំលេចថា វេទិកាប្រចាំឆ្នាំ២០២៥នេះកាន់តែមានភាពរស់រវើក ហើយបានបង្ហាញនូវតួនាទីកាន់តែសកម្មរបស់ប្រទេសចិនលើវិស័យសារព័ត៌មានដោយរួមបញ្ចូលគ្នារវាងសារព័ត៌មាន វប្បធម៌ និងក្រុមបញ្ញាញាណជាន់ខ្ពស់ ដែលបានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពសុក្រឹត មានទឡ្ហីករណ៍វប្បធម៌ ក្រោយជំនួយពីក្រុមអ្នកគិតដែលជាធនធានដ៏សំខាន់នៃធនាគារគំនិត។
ពីវេទិកាកាហ្វេDian លោកបណ្ឌិតក៏បានថ្លែងនូវអំណរគុណដល់សារព័ត៌មានទាំងអស់ដែលជាស្ពានលំហអាកាសប្រកបដោយប្រសិទ្ធភាពខ្ពស់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយលោកបណ្ឌិតបានលើកឧទាហរណ៍ជាក់ស្តែងពីការជួយរបស់មិត្តចិនលើការវះកាត់និងការព្យាបាលដោយឥតគិតថ្លៃក្នុងមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណានជូនដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតដែលមានចំនួនរហូតដល់១២៥រូបតាមរយៈបណ្តាញសារព័ត៌មានរបស់ចិនក្នុងខេត្តយូណាន និងក្នុងប្រទេសកម្ពុជាលើការផ្សព្វផ្សាយកាន់តែទូលំទូលាយពីបេសកកម្មការងាររបស់គ្រប់អង្គពាក់ព័ន្ធនានាទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសចិន៕
Post a Comment