បទវិភាគ៖ បំភ្លឺផ្លូវសន្តិភាពតាមរយៈបទពិសោធប្រវត្តិសាស្ត្រ

បរទេស៖ “ពិធីព្យុហយាត្រានិងត្រួតពលលើកនេះមិនត្រឹមតែជាការសម្តែងការគោរពចំពោះប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏បានប្រកាសកិច្ចសន្យាយ៉ាងមុតមាំរបស់ចិនអំពីការអភិវឌ្ឍដោយសន្តិភាពចំពោះពិភពលោក ក៏ដូចជាសក្តានុពលដ៏ធំធេងក្នុងការគាំពារសន្តិភាពពិភពលោកផងដែរ ។” ។ល។ អំពីពិធីរំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដែលបើកធ្វើកាលពីថ្ងៃទី៣ខែកញ្ញាកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។ ក្នុងនោះ “សន្តិភាព”បានក្លាយជាពាក្យដែលលេចចេញជាច្រើនលើកសម្រាប់មតិអន្តរជាតិវាយតម្លៃចំពោះពីធីរំលឹកថ្ងៃជ័យជម្នះលើកនេះ ។

     មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាច្រើនលើកពី “សន្តិភាព”ក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកថ្ងៃជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនដែលស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាពនិងការពារសន្តិភាពចំពោះពិភពលោក ។

     ក្នុងនាមជាសមរភូមិដ៏សំខាន់នៅបូព៌ានៃសង្គ្រាមលោកលើកទីពីរ ចិនបានយកឈ្នះទាំងស្រុងលើអ្នកឈ្លានពានយោធានិយមជប៉ុនបន្ទាប់ពីឆ្លងកាត់ការតស៊ូប្រយុទ្ធយ៉ាងលំបាកលំបិនអស់រយៈពេល១៤ឆ្នាំ ដែលបានរួមចំណែកដែលមិនអាចបំភ្លេចបានសម្រាប់ជ័យជម្នះចុងក្រោយបំផុតនៃសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។ បច្ចុប្បន្ននេះ ត្បិតតែសង្គ្រាមលោកលើកទីពីរបានកន្លងផុតទៅយ៉ាងឆ្ងាយហើយក៏ដោយ ក៏ប៉ុន្តែនៅតែមានសង្គ្រាមនៅតំបន់ជាច្រើនដែរ សន្តិភាពនៅតែកម្រណាស់ដដែល ។ មនុស្សមួយចំនួនប៉ុនប៉ងមួលបង្កាច់ប្រវត្តិសាស្ត្រ មិនទទួលសារភាពពីបទឧក្រិដ្ឋឈ្លានពាន ។ ប្រទេសមួយចំនួនតូចអនុវត្តអនុត្តរភាពនិយម និងឯកតោភាគីនិយម ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល ។

     ប្រវត្តិសាស្ត្រហាក់ដូចជាកញ្ចក់មួយផ្ទាំង ។ ការបំផុសគំនិតដ៏មានតម្លៃបំផុតដែលនាំមកដោយជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស គឺចាំបាច់ត្រូវដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពយ៉ាងមុតមាំមិនងាករេ ។ ក្នុងចំណោមផែនទ័ព(ក្បួនយន្តហោះ)ចំនួន៤៥ដែលទទួលការត្រួតពិនិត្យក្នុងពិធីព្យុហយាត្រាលើកនេះ មានផែនទ័ពរក្សាសន្តិភាពដែលពាក់មួកពណ៌ខៀវមួយ ។ ចាប់ពីបានចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរយៈពេល៣៥ឆ្នាំមក កងកម្លាំង“មួកខៀវរបស់ចិន”មិនខ្លាចភាពលំបាកគ្រោះថ្នាក់ ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំតាមរយៈសកម្មភាពជាក់ស្តែង ។

     ប្រជាជនចិនស្រឡាញ់សន្តិភាព ព្រមពេលជាមួយគ្នានេះ ក៏ដឹងថា សន្តិភាពត្រូវការស្វែងរកនិងថែរក្សា ។ ប្រវត្តិសាស្ត្របានផ្តល់ការបំផុសគំនិតម្តងហើយម្តងទៀតថា មានតែមានសមត្ថភាពការពារសន្តិភាពនិងថែរក្សាសន្តិភាព ទើបអាចចៀសវាងពីការកើតសោកនាដកម្មសង្គ្រាមក្នុងកម្រិតធំបំផុត ។ ក្នុងពិធីព្យុហយាត្រានិងត្រួតពលកាលពីថ្ងៃទី៣ខែកញ្ញា ភាពដ៏ក្លៀវក្លានិងសព្វាវុធទំនើបនៃកងទ័ពរំដោះប្រជាជនចិនបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅដល់ពិភពលោក ។ មតិអន្តរជាតិយល់ឃើញថា ពិធីព្យុហយាត្រានិងត្រួតពលយ៉ាងឱឡារិកនិងមហាអស្ចារ្យគឺជាការសម្តែងការគោរពចំពោះវីរជនពលីជីវិតផង ហើយក៏ជាការបង្ហាញពីឆន្ទៈដែកថែបនិងកម្លាំងជាក់ស្តែងយ៉ាងខ្លាំងក្លារបស់ចិនក្នុងការគាំពារអធិបតេយ្យភាព បង្រួបបង្រួមនិងបូរណភាពទឹកដីជាតិ ក៏ដូចជាគាំពារសន្តិភាពពិភពលោក ។

     បច្ចុប្បន្ននេះ ចិនកំពុងជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ។ នេះគឺជាទំនើបកម្មដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ។ មិនថាបានអភិវឌ្ឍន៍ដល់កម្រិតណាក៏ដោយ ក៏ចិនមិនធ្វើអនុត្តរភាពជាដរាប មិនវាទីជាដរាបនិងមិនដាក់សោកនាដកម្មដែលខ្លួនធា្លប់រងនោះទៅលើជនជាតិដទៃទៀតជាដរាប ។ ប្រទេសចិនដែលមានហ្សែនសន្តិភាព ផ្តួចផ្តើមឱ្យតម្កល់ទុកសន្តិភាពជាអាទិភាពនិងប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព គឺជាសសរទ្រទ្រង់សម្រាប់គាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកជារៀងរហូត ៕




Powered by Blogger.