អ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ ក្រោយហាម៉ាសយល់ព្រមលើសំណើឈប់បាញ់
ហ្សេរុយសាឡឹម៖ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បានឱ្យដឹងនៅថ្ងៃអង្គារថា អ៊ីស្រាអែលទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលនៅតែជាប់ឃុំនៅតំបន់ហ្កាហ្សា ខណៈដែលការទាមទារនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាសបានប្រកាសថា ខ្លួនបានយល់ព្រមទទួលយកសំណើឈប់បាញ់ដោះដូរចំណាប់ខ្មាំង ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។
មន្ត្រីរូបនោះ បានបញ្ជាក់ថា អ៊ីស្រាអែលមិនបានបដិសេធសំណើនេះទាំងស្រុងនោះទេ
ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែល «ទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំង
៥០នាក់ ស្របតាមគោលការណ៍ដែលគណៈរដ្ឋមន្ត្រីបានកំណត់សម្រាប់ការបញ្ចប់សង្គ្រាម»។ មន្ត្រីដដែលបានបន្ថែមថា «គោលនយោបាយរបស់អ៊ីស្រាអែលគឺស្របគ្នា
និងមិនមានការផ្លាស់ប្តូរឡើយ។
យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការកម្ចាត់ក្រុមហាម៉ាស
ហើយនឹងមិនទុកចោលចំណាប់ខ្មាំងណាម្នាក់ឡើយ»។
យោងតាមប្រភពពីភាគីប៉ាឡេស្ទីន
សំណើដែលក្រុមហាម៉ាសបានយល់ព្រមនោះ គឺពាក់ព័ន្ធនឹងការដោះដូរអ្នកទោស
ដោយចំណាប់ខ្មាំងអ៉ីស្រាអែល ១០នាក់នឹងត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន
២០០នាក់។ សំណើនេះក៏អំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ផងដែរ រួមមាន
ឥន្ធនៈ ទឹក និងភ្លើងអគ្គិសនី។
សូមជម្រាបថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី
Benjamin
Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមនឹងមិនបញ្ចប់ឡើយ ដរាបណាលក្ខខណ្ឌ៥ចំណុចមិនទាន់ត្រូវបានបំពេញ។
លក្ខខណ្ឌទាំងនោះ រួមមាន ការរំសាយអាវុធហាម៉ាស ការដោះលែងចំណាប់ខ្មាំង
ការធ្វើឱ្យហ្កាហ្សាក្លាយជាតំបន់គ្មានយោធា ការបន្តគ្រប់គ្រងសន្តិសុខដោយអ៊ីស្រាអែល
និងការប្រគល់អំណាចគ្រប់គ្រងស៊ីវិលទៅឱ្យភាគីទីបី៕

Post a Comment