ខេត្ដមណ្ឌលគិរី រៀបចំវេទិកាសន្ទនាស្ដីពី ”កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី”
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្ដមណ្ឌលគិរី បានរៀបចំវេទិកាសន្ទនាស្ដីពី”កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ដ លោក ចាន់ រតនា អភិបាលរងខេត្ត និងមានការចូលរួមពីតំណាងអង្គការ សមាគម សហជីព និងសហគមន៍ រួមទាំងតំណាង មន្ទីរជំនាញ និងការិយាល័យអន្តរវិស័យសរុបចំនួន៨៥នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់អង្គការសង្គមស៊ីវិលនៃខេត្តមណ្ឌលគិរី ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅថ្នាក់មូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ឯកឧងត្តម ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ជាធរមាន ដើម្បីបង្ហាញអំពីសុចរិតភាពនិងការបង្កើនទំនុកចិត្តពីសំណាក់មហាជននិងម្ចាស់ជំនួយ ក៏ដូចជាត្រូវពង្រឹងសាគ្គីភាពនិងបង្កើនស្មារតីស្នេហាជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង និងភាពប្រែប្រួលនៃវិបត្តិសេដ្ឋកិច្ចសកល រួមទាំងកត្តាភូមិសាស្រ្តនយោបាយក្នុងតំបន់។ ជាងនេះទៀត ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមជាតិក្នុងគ្រប់ដំណាក់កាល ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាព សេចក្តីថ្លៃថ្នូ និងក្តីសង្ឃឹមនាពេលអនាគតរបស់ប្រជាជាតិកម្ពុជា ស្របតាមចក្ខុវិស័យនិងគោលយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ចាន់ រតនា អភិបាលរងខេត្ត ឱ្យដឹងថា ការរៀបចំពិធីឡើង គឺពិតជាមានសារសំខាន់ណាស់ ក្នុងការពិនិត្យ ពិភាក្សា និងសិក្សាឈ្វេងយល់អំពីតួនាទីភារកិច្ចរបស់អង្គការសង្គមស៊ីវិលនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា- ណាចក្រកម្ពុជា។ លោកអភិបាលរងខេត្ត បន្ថែមថា នៅទូទាំងខេត្តមណ្ឌលគិរី បច្ចុប្បន្ននេះ មាន អង្គការ សមាគម និងសហគមន៍សរុបចំនួន ១១១ ក្នុងនោះ អង្គការជាតិ អន្តរជាតិ និងសមាគម មានចំនួន ៣៥ អង្គការ និងសហគមន៍មានចំនួន ៧៦សហគមន៍ ដោយក្នុងនោះមានជាសហគមន៍ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍ ការពារធនធានធម្មជាតិ សហគមន៍ទេសចរណ៍ និងសហគមន៍កសិកម្មជាដើម។
អ្នកស្រី ប៉ុក បញ្ញាវិចិត្រ អតីតប្រធានអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ បានអញ្ជើញចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីពី «វិធីសាស្ត្រនៃការរៀបចំគម្រោងនិងការគ្រប់គ្រងគម្រោង» ដែលនេះគឺជាផ្នែកមួយនៃការចូលរួមចំណែករបស់វេទិការសម្ព័ន្ធសង្គមស៊ីវិល ក្នុងការពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល ក្នុងពេលដែលប្រទេសលោកខាងលិចមាននិន្នាការកាត់បន្ថយជំនួយឥតសំណងនៅកម្ពុជា។ អ្នកស្រី បានបន្ថែមថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អង្គការសង្គមស៊ីវិលគួរពិចារណាអំពីយុទ្ធសាស្ត្រស្វែងរកប្រភពជំនួយថ្មី ដែលសមស្របនឹងបេសកកម្មរបស់ខ្លួន ដើម្បីអាចធានាបាននូវនិរន្តរភាពការងាររបស់អង្គការសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន៕






Post a Comment