សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ ៧០ម៉ឺនអឺរ៉ូ ដល់ជនស៊ីវិល ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សហភាពអឺរ៉ុបនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៧០ ម៉ឺនអឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារសហរដ្ឋអាមេរិក) ដើម្បីគាំទ្រដល់ជំនួយមនុស្សធម៌ជាបន្ទាន់មួយជូនចំពោះជនភៀសសឹកដែលទទួលរងផលប៉ពាល់ ដោយសារការកើនឡើងនៃជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជំនួយមនុស្សធម៌នេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រសហគមន៍នានាដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះដែលបានបណ្តាលឱ្យមានការជម្លៀសខ្លួន និងផ្លាស់ទីលំនៅ។ អាទិភាពបន្ទាន់នៃជំនួយរបស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ខែ។

មូលនិធិមនុស្សធម៌ជាបន្ទាន់នេះនឹងបំពេញបន្ថែមលើគម្រោងនានាដែលកំពុងអនុវត្តតាមរយៈដៃគូអង្គការនៅ ក្នុងតំបន់។ កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូ ជាជំនួយមនុស្សធម៌ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិចម្បងៗនៅតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍។

រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិតល្អន់ ហើយជំនួយមនុស្សធម៌ទាំង នេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោលការណ៍មនុស្ស ជាតិ ភាពមិនលំអៀង ភាពអព្យាក្រឹត និងឯករាជ្យភាព៕










 

Powered by Blogger.