ម៉ាក្រុង៖ ជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី អាចនឹងកើតឡើងក្នុងរយៈពេល ២សប្តាហ៍ខាងមុខ
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ជំនួបមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងកើតមានឡើងក្នុងរយៈពេល ២សប្តាហ៍ខាងមុខនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ LCI
លោក ម៉ាក្រុង បានបញ្ជាក់ថា លោក ពូទីន
ដែលបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ
បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់លោក ក្នុងការជួបជាមួយលោក ហ្សេលេនស្គី
នៅក្នុងក្របខ័ណ្ឌពេលវេលានោះ។
លោក ម៉ាក្រុង បានមានប្រសាសន៍ថា «យើងបានសម្រេចចិត្តឱ្យមានកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីទាំងពីរ
បន្ទាប់មកកិច្ចប្រជុំត្រីភាគី (ជាមួយលោក ត្រាំ) ហើយបន្ទាប់មកទៀតកិច្ចប្រជុំពហុភាគី
ដែលក្នុងនោះមេដឹកនាំអឺរ៉ុបត្រូវតែមានវត្តមាននៅតុចរចាផងដែរ»។
លោក ម៉ាក្រុង បានបន្ថែមថា
កិច្ចប្រជុំបែបនេះគួរតែធ្វើឡើងនៅអឺរ៉ុប ដើម្បីឆ្លុះបញ្ចាំងពី «ឆន្ទៈរួម» របស់មេដឹកនាំអឺរ៉ុប។ លោកបានលើកឡើងថា
ខុសពីជំនួបក្នុងឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅប្រទេសបារាំង
ជំនួបខាងមុខនេះអាចនឹងប្រព្រឹត្តទៅនៅក្នុង «ប្រទេសអព្យាក្រឹត»
ណាមួយ ដូចជាប្រទេសស្វីស ឬតួកគី ដែលជាទីកន្លែងដែលរុស្ស៊ី
និងអ៊ុយក្រែនធ្លាប់បានបើកកិច្ចចរចាទ្វេភាគីកន្លងមក៕

Post a Comment