កម្ពុជាទទូចសូមឱ្យម៉ាឡេស៊ី និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ ដើម្បីទប់ស្កាត់ភាពតានតឹងរវាងកម្ពុជា-ថៃ
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។
លោក ជុំ សុន្ទរី
បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ
នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព
នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។
លោក ជុំ សុន្ទរី
បានថ្លែងដូចនេះថា «កម្ពុជាទទូចសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន
ហើយនឹងបណ្ដាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ សុំឲ្យបង្កើតឡើងឲ្យបានឆាប់រហ័ស
នូវយន្តការការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ
ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយនឹងទប់ស្កាត់ និងការពារអាយុជីវិតរបស់ប្រជាជនស៊ីវិល
និងកងទ័ព»។
លោក ជុំ សុន្ទរី
បានបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត
សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ
ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ៕
Post a Comment