កូរ៉េខាងជើង៖ សំណើសន្តិភាពរបស់កូរ៉េខាងត្បូង គឺជាការស្រមើស្រមៃ

សេអ៊ូល៖ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា បាននិយាយថា កូរ៉េខាងជើងមិនបានដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែននោះទេ ហើយក៏នឹងមិនធ្វើដូច្នេះដែរ ភ្ជាប់ជាមួយការហៅសំណើសន្តិភាពរបស់កូរ៉េខាងត្បូងជា ការស្រមើស្រមៃ។

ប្រតិកម្មខាងលើរបស់លោកស្រី គីម យ៉ូជុង កើតមានឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងថ្មីៗនេះបាននិយាយថាខ្លួនចាប់បានសញ្ញាថាកូរ៉េខាងជើង បានដក ឧបករណ៍បំពងសំឡេងទុកឃោសនារិះគន់កូរ៉េខាងត្បូងមួយចំនួនចេញពីបណ្ដោយព្រំដែន ក្រោយកូរ៉េខាងត្បូងបានធ្វើដូចគ្នានេះដែរ។

លោកស្រី គីម យ៉ូជុង ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សពលករកូរ៉េខាងជើង ក៏បានរិះគន់ដែរថាផែនការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូងជាសកម្មភាពមួយបង្ហាញយ៉ាងច្បាស់ពីចេតនាអាក្រក់របស់ប្រទេសទាំង២ចំពោះកូរ៉េខាងជើង។ លោកស្រី គីម ដែលក្រុមអ្នកវិភាគជឿថាចេញមុខ និយាយជំនួសឱ្យបងប្រុសរបស់លោកស្រី កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ តែងតែចេញមុខទាត់ចោលសំណើបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េទាំង២ ស្នើឡើងដោយ រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីរបស់លោកប្រធានាធិបតី Lee Jae Myung

តាមរយៈការដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ លោកស្រី គីម បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថាគោលនយោបាយរបស់កូរ៉េខាងត្បូង ចំពោះកូរ៉េខាងជើងនៅតែមិនផ្លាស់ប្ដូរ ហើយក៏នឹងមិនអាចផ្លាស់ប្ដូរនោះដែរ»៕ (ប្រភព៖ Reuters)



 

Powered by Blogger.