រដ្ឋមន្រ្តីមហាផ្ទៃ នៅតែបន្តព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ និងណែនាំឱ្យពិនិត្យការប្រើកង់ ម៉ូតូ និងកូនរថយន្តអាគុយ
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះក៏ដោយ។
នៅតែមានការព្រួយបារម្ភក៏ព្រោះតែឯកឧត្តមអភិសន្តិបណ្ឌិត
សង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់
ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈនិន្នាការនេះនឹងនៅតែបន្តជះផលអវិជ្ជមាន
ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំ
នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១ ០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស
៦៩៤នាក់ និងរបួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ៤៦៨លើក
ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០%។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែលឯកឧត្តម
បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន
ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថា
ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
ធូរស្រាល។
យ៉ាងណាក៏ដោយ ថ្លែងក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំ
និងសមាជិក សមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមប្រមាណ ១៧០រូប
ប្រមុខក្រសួងមហាផ្ទៃ ក៏បានសាទរចំពោះលទ្ធផលវិជ្ជមាន នៃការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍
ទាំងការស្លាប់ និងរបួស ក្នុងឆមាសទី១ នៃដើមឆ្នាំ២០២៥នេះ ដែលជាការបញ្ជាក់ច្បាស់អំពីលទ្ធផលនៃការខិតខំប្រឹងប្រែងអនុវត្តច្បាប់។
ក្នុងឱកាសនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រង និងកំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុយ
ឬកូនរថយន្តអាគុយ(ជិះម្នាក់ពីរ) ដ្បិតការប្រើប្រាស់មានកំណើន សកម្មភាពចរាចរណ៍មានលក្ខណៈទូទៅ
ទាំងលើផ្លូវជាតិ ពិសេសចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍...។
ឯកឧត្ដមអភិសន្តិបណ្ឌិត
ឧបកនាយករដ្ឋមន្ត្រី បានណែនាំឱ្យ រដ្ឋបាលខេត្តមួយចំនួន រៀបចំសិក្សាលើការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន
ព្រោះសួននេះមិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជន
ឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់
ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕

Post a Comment