ហ្សេលេនស្គី៖ ខ្សែប្រយុទ្ធជួរមុខបច្ចុប្បន្ន គួរតែក្លាយជាមូលដ្ឋានសម្រាប់កិច្ចចរចាសន្តិភាព
ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមានប្រសាសន៍នៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យថា ខ្សែប្រយុទ្ធជួរមុខបច្ចុប្បន្ននៅក្នុងសង្គ្រាមរបស់ប្រទេសលោកប្រឆាំងនឹងរុស្ស៊ី គួរតែក្លាយជាមូលដ្ឋានសម្រាប់កិច្ចចរចាសន្តិភាព។
លោក ហ្សេលេនស្គី
បានបញ្ជាក់ថា «យើងត្រូវការការចរចាពិតប្រាកដ
ដែលមានន័យថាយើងអាចចាប់ផ្តើមពីកន្លែងដែលខ្សែប្រយុទ្ធជួរមុខស្ថិតនៅពេលនេះ» ដោយលោកបានបន្ថែមថា មេដឹកនាំអឺរ៉ុបបានគាំទ្រជំហរនេះ។
ការថ្លែងរបស់លោក
ហ្សេលេនស្គី បានធ្វើឡើងមុនកិច្ចប្រជុំអនឡាញមួយជាមួយមេដឹកនាំអឺរ៉ុប
និងមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ
បន្ទាប់ពីជំនួបកំពូលរបស់មេដឹកនាំអាមេរិករូបនេះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក
វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋអាឡាស្កា កាលពីថ្ងៃសុក្រ។
លោក ហ្សេលេនស្គី
បានបញ្ជាក់ជាថ្មីនូវជំហររបស់លោកថា
វាចាំបាច់ណាស់ក្នុងការបង្កើតបទឈប់បាញ់មួយជាមុនសិន
ទើបអាចចរចាលើកិច្ចព្រមព្រៀងចុងក្រោយបាន។ មេដឹកនាំអ៊ុយក្រែនរូបនេះបានមានប្រសាសន៍ថា «វាជារឿងសំខាន់ណាស់ដែលទីក្រុងវ៉ាស៊ីនតោននៅខាងយើង»។ លោកនឹងត្រូវបានអមដំណើរដោយសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន
សម្រាប់កិច្ចចរចានៅថ្ងៃចន្ទជាមួយលោក ត្រាំ។
ទន្ទឹមគ្នានេះ
លោកបាននិយាយថា អ៊ុយក្រែនមិនទាន់បានដឹងពីការទាមទារទាំងអស់ដែលលោក ពូទីន
បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ត្រាំ កាលពីថ្ងៃសុក្រនៅឡើយទេ។ លោកបានបន្ថែមថា
ការពិនិត្យមើលការទាមទារទាំងនោះនឹងត្រូវការពេលវេលាយូរ
ហើយវាមិនអាចធ្វើទៅបានឡើយនៅក្រោម «សម្ពាធនៃអាវុធ»៕ (ប្រភព៖ Reuters)

Post a Comment