អឺរ៉ុបប្រជុំគាំទ្រអ៊ុយក្រែន មុនជំនួបតានតឹងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ
ប៊ែរឡាំង៖ មេដឹកនាំបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងជំហររបស់អ៊ុយក្រែន ខណៈដែលប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រៀមខ្លួនសម្រាប់ជំនួបដ៏សំខាន់មួយជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ដែលកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទីក្រុងកៀវ ឱ្យទទួលយកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។
សម្ពាធរបស់លោក
ត្រាំ នេះ បានកើតឡើងភ្លាមៗបន្ទាប់ពីជំនួបរបស់លោកជាមួយលោក វ្ល៉ាឌីមៀ ពូទីន
កាលពីថ្ងៃសុក្រនៅរដ្ឋអាឡាស្កា។ យោងតាមប្រភពនានា
ប្រធានាធិបតីរុស្ស៊ីបានស្នើឱ្យមានការដោះដូរទឹកដី
ដោយប្រគល់តំបន់កាន់កាប់តូចៗទៅអ៊ុយក្រែនវិញ ជាថ្នូរនឹងការទទួលបានទឹកដីដ៏ធំសម្បើមនៅកន្លែងផ្សេងទៀត។
គោលដៅស្នូលរបស់មេដឹកនាំអឺរ៉ុប
គឺជំរុញឱ្យមានកិច្ចប្រជុំត្រីភាគីរវាងលោក ត្រាំ, ពូទីន និងហ្សេលេនស្គី ដើម្បីធានាថាអ៊ុយក្រែនមានសិទ្ធិសម្រេចលើអនាគតរបស់ខ្លួន។
លើសពីនេះ ពួកគេទាមទារឱ្យមានការធានាសន្តិសុខដ៏រឹងមាំសម្រាប់អ៊ុយក្រែន
ដែលមានការចូលរួមពីសហរដ្ឋអាមេរិកជាចាំបាច់ ដោយមន្ត្រីអឺរ៉ុបម្នាក់បានបញ្ជាក់ថា
ពួកគេរំពឹងថានឹងមាន «ការប្តេជ្ញាចិត្តដ៏រឹងមាំបំផុត» ពីទីក្រុងវ៉ាស៊ីនតោន។
ស្របពេលដែលលោក
ត្រាំ កំពុងប្រកាសជាសាធារណៈថា អ៊ុយក្រែនគួរតែធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី
ព្រោះខ្លួនមិនមែនជា «មហាអំណាចធំ»
នោះ នៅពីក្រោយឆាក
លោកបានបញ្ជូនសំណើដ៏តឹងរ៉ឹងមួយពីវិមានក្រឹមឡាំងទៅកាន់ទីក្រុងកៀវ។ យោងតាមប្រភពមួយ
បន្ទាប់ពីជំនួបនៅអាឡាស្កា លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថា លោក ពូទីន
នឹងយល់ព្រមបង្កកខ្សែប្រយុទ្ធជួរមុខ ប្រសិនបើអ៊ុយក្រែព្រមប្រគល់តំបន់ Donetsk ទាំងមូល។ ប៉ុន្តែសំណើនេះត្រូវបានលោក ហ្សេលេនស្គី បដិសេធភ្លាមៗ៕

Post a Comment