រឿងពហិការកូកាកូឡា ព្រោះផ្តាច់កុងត្រាជាមួយ វណ្ណដា, សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋពិចារណាប្រយ័ត្នចាញ់កលសត្រូវ
ភ្នំពេញ៖ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណាឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ។
ការអំពាវនាវរបស់សម្តេចតេជោ
ហ៊ុន សែន ទាំងកណ្តាលអាធ្រាត្រ បន្ទាប់ពីពលរដ្ឋខ្មែរផ្ទុះការខឹងសម្បា
ហើយពហិការកូកាកូឡា ព្រោះក្រុមហ៊ុនផ្តាច់កុងត្រាផ្សព្វផ្សាយជាមួយតារារ៉េបវណ្ណដា។
ខាងក្រោមជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។
ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុន
ផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?
បន្ទាប់មកយើងត្រូវដឹងថា
ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុងកម្ពុជា
ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជា
ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ
កម្ពុជា គឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។
សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី
ផ្តាច់អុីនធើណែត ឈប់លក់ប្រេងតែយើងបានម្ជាសការកាត់ផ្តាច់និងឈប់ទិញជាមុន
ដើម្បីកុំឲ្យគេគំរាមយើងបានទៀត។
ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះ
ផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះ ផលិតនៅកម្ពុជា
បងប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់
និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។
ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត
គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង
ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។
សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។
សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា
ដើម្បីជាប្រយោជន៍របស់យើងដែរ។
ពុកសង្ឃឹមថាវណ្ណដា
និងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។
វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕







Post a Comment