នាយករដ្ឋមន្ត្រីហូឡង់ លាលែងតំណែង, សម្ព័ន្ធរដ្ឋាភិបាលប្រឈមនឹងការដួលរលំ
ប្រភព៖ Reuters
អាំស្ទែរដាំ៖ នាយករដ្ឋមន្ត្រីហូឡង់ លោក ឌីក ស្កូហ្វ (Dick Schoof) បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនយោបាយប្រជានិយមប្រឆាំងជនមូស្លីម លោក ហ្គៀត វីលឌ័រ (Geert Wilders) បានដកគណបក្ស PVV របស់លោកចេញពីសម្ព័ន្ធរដ្ឋាភិបាលស្តាំនិយម។
រដ្ឋមន្ត្រីមកពីគណបក្ស PVV
របស់លោក វីលឌ័រ នឹងចាកចេញពីគណៈរដ្ឋមន្ត្រី
ខណៈរដ្ឋមន្ត្រីដែលនៅសល់នឹងបន្តការងារបណ្ដោះអាសន្នក្នុងរដ្ឋាភិបាលចាំផ្ទះ។
ការបោះឆ្នោតណាមួយទំនងជាមិនអាចធ្វើទៅបានទេមុនខែតុលា
ហើយការបង្កើតរដ្ឋាភិបាលថ្មីជាទូទៅត្រូវចំណាយពេលច្រើនខែនៅក្នុងបរិបទនយោបាយហូឡង់ដែលបែកខ្ញែក។
ការដួលរលំរដ្ឋាភិបាលនេះកើតឡើងស្របពេលដែលចលនាស្តាំនិយមកំពុងរីកដុះដាលនៅអឺរ៉ុប
ដោយសារកំហឹងជុំវិញបញ្ហាចំណាកស្រុក និងការកើនឡើងថ្លៃរស់នៅ
ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឯកភាពអឺរ៉ុបក្នុងការដោះស្រាយបញ្ហារុស្ស៊ី
និងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក វីលឌ័រ បានថ្លែងមុននេះកាលពីថ្ងៃអង្គារថា
គណបក្សរបស់លោកដកខ្លួនចេញ ដោយសារតែដៃគូសម្ព័ន្ធទាំងបីផ្សេងទៀត
មិនព្រមគាំទ្រគំនិតរបស់លោកលើបញ្ហាសិទ្ធិជ្រកកោន និងអន្តោប្រវេសន៍។ លោក វីលឌ័រ
បានសរសេរនៅលើបណ្ដាញសង្គម X ថា «គ្មានការចុះហត្ថលេខាលើផែនការសិទ្ធិជ្រកកោនរបស់យើងទេ។
គណបក្ស PVV ចាកចេញពីសម្ព័ន្ធ»៕
Post a Comment