កម្ពុជាទទួលជើងហោះហើរលើកដំបូង តភ្ជាប់រវាងសៀមរាប-ឌូបៃ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates

ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមនិងអាជ្ញាធរខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ នូវយន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ការហោះហើរជាប្រវត្តិសាស្ត្ររបស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នឹងហោះចេញពីទីក្រុងឌូបៃ ឆ្លងកាត់ទីក្រុងបាងកក និងហោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនេះ នឹងដំណើរការហោះហើរ ០៣ជើង ក្នុងមួយសប្ដាហ៍។

ការបន្ថែមជើងហោះហើររបស់ Emirates មកកាន់កម្ពុជានឹងជួយពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។

តាមរយៈប្រតិបត្តិការហោះហើរមកកាន់ខេត្តសៀមរាប Emirates បង្ហាញក្តីរំពឹងថានឹងនាំភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន ពីបណ្តាញសកលរបស់ខ្លួន បើកឱកាសកាន់តែច្រើនសម្រាប់ពាណិជ្ជកម្ម ផ្តល់ការតភ្ជាប់កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា ទៅកាន់ទីក្រុងឌូបៃ និងកន្លែងផ្សេងទៀត៕









 

Powered by Blogger.