កូរ៉េខាងជើង សន្យាគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ
ប្រភព៖ AFP
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងគាំទ្រដល់រុស្ស៉ីដោយគ្មានលក្ខខណ្ឌ លើគ្រប់វិស័យទាំងអស់ ក្នុងនោះរួមទាំងសង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងអ៊ុយក្រែនផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា
បានរាយការណ៍ថានៅក្នុងជំនួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៉ី លោក Sergei
Shoigu កាលពីថ្ងៃពុធ ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន
បាននិយាយថាទីក្រុងព្យុងយ៉ាងនឹងគាំទ្ររុស្ស៉ីដោយគ្មានលក្ខខណ្ឌ
រួមទាំងគោលនយោបាយការបរទេសរបស់រុស្ស៉ីពាក់ព័ន្ធនឹង បញ្ហានយោបាយអន្តរជាតិសំខាន់ៗ
ក្នុងនោះរួមមានទាំងបញ្ហាអ៊ុយក្រែន។
បើតាម KCNA ឱ្យដឹងថា
លោក គីម ជុងអ៊ុន ក៏បានបង្ហាញការរំពឹង
និងជឿជាក់ផងដែរថារុស្ស៉ីប្រាកដជានឹងទទួលបានជ័យជម្នះ
នៅក្នុងបុព្វហេតុដើម្បីយុត្តិធម៌។ បន្ថែមលើនេះ កូរ៉េខាងជើង និងរុស្ស៉ី ក៏បានឯកភាពគ្នាលើការបន្តពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ផងដែរ។
កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៉ី
ក្នុងរយៈពេលជាង៣ឆ្នាំមកនេះនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ជាមួយការបញ្ជូនកងទ័ព
និងអាវុធទៅឱ្យទីក្រុងមូស្គូ ដែលបានជួយកងកម្លាំងរុស្ស៉ី
វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី។
សូមជម្រាបថា រុស្ស៉ី
និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាមួយកាលពីឆ្នាំ២០២៤
ក្នុងនោះរួមមានបញ្ចូលទាំងលក្ខខណ្ឌត្រូវការពារគ្នាទៅវិញទៅមក
អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ ទីក្រុងព្យុងយ៉ាង។ ក្រៅតែបញ្ជូនអាវុធ
កូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី
ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ហើយបើតាមកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងជាង ៦០០នាក់
ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស៕
Post a Comment