ពូទីន ប្រាប់ ត្រាំ ថា រុស្ស៉ីត្រូវតែសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន

 ប្រភព៖ Reuters

វ៉ាស៊ីនតោន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថារូបលោកនឹងសងសឹកអ៊ុយក្រែន ចំពោះការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាស របស់រុស្ស៉ីកាលពីពេលថ្មីៗនេះដែលបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករាប់សិបគ្រឿង។

អ៊ុយក្រែនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន​បានបើកប្រតិបត្តិការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៉ីចំនួន៤ ដោយបានបំផ្លាញ និងបង្កការខូចខាតដល់យន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី ជាង ៤១គ្រឿង ហើយទំហំខូចខាតនេះត្រូវបានអ៊ុយក្រែនវាយតម្លៃថាមានទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ។

ក្រោយការវាយប្រហារនេះ អ៊ុយក្រែនក៏បានវាយប្រហារបំផ្ទុះបង្កការខូចខាតដល់ស្ពានមួយដែលតភ្ជាប់ រុស្ស៉ីទៅកាន់តំបន់គ្រីមៀផងដែរ។ លោក ពូទីន វិញកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ដោយសំអាងលើការវាយប្រហាររបស់អ៊ុយក្រែន បាននិយាយថាលោកផ្ទាល់មិនគិតនោះទេថាមេដឹកនាំអ៊ុយក្រែន ចង់បានសន្តិភាព។

ភ្លាមៗក្រោយលោក ពូទីន បានបើកកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកក្នុងទីក្រុងមូស្គូ លោក ត្រាំ បានអះអាងថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន រយៈពេល ១ម៉ោង ១៥នាទី ហើយថាអ្នកទាំង២បានជជែកគ្នាពីការវាយប្រហាររបស់អ៊ុយក្រែន និងបញ្ហាអ៉ីរ៉ង់។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «យើងបានពិភាក្សាគ្នាពីការវាយប្រហារលើ មូលដ្ឋានយន្ដហោះរបស់រុស្ស៉ី និងការវាយប្រហារជាច្រើនទៀតដែលបានធ្វើឡើងដោយភាគីសង្រ្គាមទាំង២»។ លោក ត្រាំ បន្តថាក្នុងកិច្ចសន្ទនានោះលោក ពូទីន បានប្រាប់រូបលោកថារុស្ស៉ីនឹងសងសឹក អ៊ុយក្រែនចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី៕



Powered by Blogger.