ត្រាំ ចុះហត្ថលេខា ហាមឃាត់ពលរដ្ឋ ១២ប្រទេស មិនឲ្យចូលទឹកដីអាមេរិក

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើសេចក្តីសម្រេចហាមឃាត់ជនជាតិនៃប្រទេសចំនួន១២ មិនឱ្យចូលសហរដ្ឋអាមេរិក ក្រោមហេតុផលថា "ចាំបាច់ដើម្បីការពារប្រឆាំងនឹង "ភេរវករបរទេស" និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត"។

 ប្រទេសទាំង១២នោះរួមមាន៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ បម្រាមនេះក៏រឹតត្បិតផ្នែកខ្លះលើប្រទេសចំនួន៧ដូចជា៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡាផងដែរ។

តាមការបញ្ជាក់ពីសេតវិមាន នៅថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ក្នុងការចុះហត្ថលេខា គឺព្រោះតែលោកបានលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ ជាពិសេសការវាយប្រហារថ្មីៗនេះនៅរដ្ឋ Colorado ដោយបុរសម្នាក់ គប់គ្រាប់បែកសាំងលើក្រុមមនុស្សដែលកំពុងប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ចំណាប់ខ្មាំងអ៊ីស្រាអែល។

ជុំវិញរឿងនេះ អ្នកនាំពាក្យសេតវិមាន Abigail Jackson និយាយថា «លោកប្រធានាធិបតី ត្រាំ កំពុងធ្វើតាមសន្យារបស់គាត់ ដើម្បីការពារជនជាតិអាមេរិកពីតួអង្គបរទេសដ៏គ្រោះថ្នាក់ដែលចង់មកប្រទេសរបស់យើង បង្កគ្រោះថ្នាក់ដល់យើង»

យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែលលោកត្រាំ ដាក់បម្រាមចូលអាមេរិកលើប្រទេសនានា។ ជាក់ស្តែងកាលពីអាណត្តិដំបូងក្នុងឆ្នាំ២០១៧ អ្នកសាធារណរដ្ឋរូបនេះ ក៏ហាមឃាត់ប្រទេសមូស្លីមចំនួន៧ផងដែរដូចជា៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន។ ក្រោយមកបម្រាមនោះក៏ពង្រីកដល់ប្រទេស កូរ៉េខាងជើង ឆាដ និងវ៉េណេស៊ុយអេឡា៕



 

Powered by Blogger.