ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រ ប្ដេជ្ញារួមគ្នាពង្រឹងសមត្ថភាព និងវឌ្ឍនភាព ដើម្បីជំរុញចំណេះដឹងវិទ្យាសាស្ត្រ និងសុខភាពសាធារណៈ
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ត្រូវ នឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្តែងនូវការកោតសរសើរ
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល
ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជារយៈពេលជិត៧០ឆ្នាំមកហើយ។ ការពិភាក្សា
បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់
និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង
ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ។
លោកស្រី Odette TOMESCU-HATTO បានជម្រាបជូននូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស
ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើរតួនាទីដ៏សំខាន់ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា
តាមរយៈក្រសួងសុខាភិបាល។
ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍
របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងក្រសួងសុខាភិបាល
និងស្នើសុំឱ្យពង្រីកកិច្ចសហការ និងបន្តការផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍
ជូនដល់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឱ្យកាន់តែប្រសើរឡើង
ព្រមទាំងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំ
និងយូរអង្វែងរវាងកម្ពុជា និងបារាំងក្នុងវិស័យសុខាភិបាល
និងការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញចំណេះដឹងវិទ្យាសាស្ត្រ និងសុខភាពសាធារណៈ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស
ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល
ចូលរួមដំណើរការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល
ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ
នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ
និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment