ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»។
ព្រះរាជពិធី «ទិវាបរិស្ថានជាតិ
និងបរិស្ថានពិភពលោក ៥ មិថុនា» ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន
ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat
Plastic Pollution)»។ ព្រះរាជពិធីត្រូវបានប្រារព្ធឡើងនៅបរិវេណពហុកីឡដ្ឋានមរតកតេជោ។
នេះជាឆ្នាំដំបូងហើយ ដែលព្រះរាជពិធី «ទិវាបរិស្ថានជាតិ
និងបរិស្ថានពិភពលោក ៥ មិថុនា» ត្រូវបានប្រារព្ធក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ
ដែលជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងលើបញ្ហាបរិស្ថាន។
ក្នុងពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត ក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស និស្សិតយ៉ាងច្រើនកុះករ៕
Post a Comment