កម្ពុជា-ថៃ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកិច្ចប្រជុំទ្វេភាគី
ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជា-ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តក្រាប៊ី ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា និងភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
ថ្លែងក្នងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក
ផានុរក្ស លក្ខបុណ្យ
បានថ្លែងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ កម្ពុជា
ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន
ហើយលោកក៏បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលតែងតែរួមសហការគ្នាយ៉ាងល្អសំដៅអនុវត្តឱ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ
កម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋប្រទេសយើងទាំងពីរនូវសន្តិសុខ ភាពសុខសាន្ត
និងការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែនក៏ដូចជាការបង្ការទប់ស្កាត់ការប្រើប្រាស់និងព្យាបាលអ្នកញៀនគ្រឿងញៀន
ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី
ដោយផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន
ដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្រោយពីបានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាភាគីទាំងពីរកម្ពុជាថៃបានឯកភាពគ្នាទៅលើការងារចំនួន៥៖
ទី១- ការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និង សារធាតុគីមី ,ទី២- ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារ អត្តសញ្ញាណ ,ទី៣- ការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន
ទី៤- ការព្យាបាល ស្តារនីតិសម្បទាន ,ទី៥-
កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយគ្នានេះដែរ ភាគីទាំងពីរកម្ពុជា ថៃ
ក្រោយពីបានឯកភាពនៅលើចំណុចទាំង៥ ខាងលើដើម្បីបន្តអនុវត្ត
គឺសុទ្ធតែបានចាត់ទុកស្មារតីនៃកិច្ចប្រជុំលើកនេះគឺបានពីកិច្ចពិភាក្សាទូលំទូលាយ
និងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាព
និងការយោគយល់គ្នាទៅវិញទៅមកចេញជាលទ្ធផលប្រកបដោយផ្លែផ្កា
និងជាផែនទីនាំផ្លូវក្នុងការពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសយើងទាំងពីរក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត៕





Post a Comment