ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ជំរុញដល់មន្ត្រីសុខាភិបាលទូទាំងខេត្តទុកដាក់ និងគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រឲ្យបានល្អ

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ការលើកឡើងបែបនេះរបស់ លោកអនុបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តរតនគិរី ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ពីសេវាថែរទាំសុខភាពជាមួយសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងខេត្តរតនគិរី ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងចូលរួមពីសេវាឯកជន មណ្ឌលសុខភាពទូទាំងខេត្ត ព្រមទាំងអ្នកពាក់ព័ ន្ធសរុបប្រមាណ២០០នាក់។  

លោកអនុបណ្ឌិតជា សានិត បន្តថា សំណល់វិជ្ជសាស្ត្រគឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិពោលគឺវាបង្ករឱ្យមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជម្ងឺផ្សេង ប្រសិនបើយើងគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន។ដូច្នេះហើយការទុកដាក់សំណល់វេជ្ជសាស្ត្រ អោយបានត្រឹមត្រូវគឺ ជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពកង្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងបរិស្ថាន ។ 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានលេីកឡេីងពីបទពិសោធន៍ចំពោះការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រក្នុងខេត្តត្បូងឃ្មុំ ប្រកបប្រសិទ្ធភាព និងភាពជោគជ័យជាមួយការប្រមូលសំរាម កាកសំណល់វេជ្ជសាស្ត្រជាមួយសេវាសាធារណៈនិងឯកជនជូនអង្គប្រជុំបានជ្រាប និងជាបទពិសោធន៍សម្រាប់យកទៅអនុវត្តផងដែរ។ 

ឯកឧត្តមបន្តថា ឥទ្ធិពលនៃការប៉ះពាល់ដល់សុខភាព និងបរិស្ថាន បណ្ដាលមកពីកង្វះខាតក្នុងការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានរៀបចំប្រកាសមួយ កាលពីខែកក្ដដា ឆ្នាំ២០០៨ ដើម្បីពង្រឹងនិយ័តកម្មនៃការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព។ ហើយដើម្បីឱ្យការអនុវត្តតាមប្រកាសមានប្រសិទ្ធភាព ក្រសួងសុខាភិបាលបានរៀបចំមគ្គុទេសក៍ជាតិស្ដីពីការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាពមួយទៀត ដើម្បីផ្ដល់នូវចំណេះដឹងផ្នែកបច្ចេកទេសឱ្យមានភាពជាក់លាក់ ដោយបន្ថែមនូវសមាសភាពទាក់ទងនិងសំណល់រាវ ឬទឹក និងសុវត្ថិភាព មន្ទីរពិសោធន៍ជាឧបសម្ព័ន្ធ ដោយយោងតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល ស្ដីពីការគ្រប់គ្រង់សំណល់ពីសេវាថែទាំសុខភាព និងច្បាប់របស់ក្រសួងបរិស្ថាន ស្ដីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអនុក្រិត្យ ស្ដីពីការគ្រប់គ្រងសំណល់រឹង។ ឯកឧត្តម វេជ្ជបណ្ឌិត កែវ វណ្ណៈ សង្ឃឹមនិងជឿជាក់ថា ក្រោយពីបានស្ដាប់បទបង្ហាញ ពីវាគ្មិន សំណួរចម្លើយ ផ្សេងៗសមាជិក សមាជិការ ទាំងអស់ដែលជាអ្នកបម្រើវិស័យសុខាភិបាលឯកជន និងចូលរួម ដើម្បីលើកកំពស់សុខមាលភាពរបស់យើងទាំងអស់គ្នា ។

សូមបញ្ជក់ថា គោលបំណងនៃកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តដែលក្រុមហ៊ុន ប៊ុនលាង លី គ្លូប៊ល ឯ.ក បានចុះផ្សព្វផ្សាយ នាពេលនេះ ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក បានសម្រេចចិត្តដាក់ទុនវិនិយោគលើកាប្រមូលដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ៕






Powered by Blogger.