បុគ្គលិកស្ថានទូតអ៊ីស្រាអែល២នាក់ ត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីវ៉ាស៊ីនតោន

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ ទី២១ ខែឧសភា បុគ្គលិកស្ថានទូតអ៊ីស្រាអែល២នាក់ បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយ នៅខាងក្រៅសារមន្ទីរជ្វីហ្វ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ហើយជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន។

ជនរងគ្រោះខាងលើ គឺម្នាក់ជាស្រ្តីនិងម្នាក់ទៀតជាបុរស ខណៈបើតាមឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ពួកគេទាំងពីរនាក់នោះ គឺជាគូស្នេហ៍ដែលត្រៀមភ្ជាប់ពាក្យនឹងគ្នាដើម្បីរៀបការ។ ប៉ូលិសទីក្រុងវ៉ាស៊ីនតោន បានប្រាប់ថា ជនសង្ស័យម្នាក់ឈ្មោះ Elias Rodriguez អាយុ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួន ហើយរូបគេបានស្រែកពាក្យថា ដោះលែងប៉ាឡេស្ទីន, ដោះលែងប៉ាឡេស្ទីន។

ក្រោយហេតុការណ៍កើតឡើងភ្លាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោសទោសការបាញ់ប្រហារនេះថា ជាការសម្លាប់មនុស្សដ៏អាក្រក់ ហើយជាក់ស្តែងគឺវាត្រូវបានធ្វើឡើងក្រោមការស្អប់ខ្ពើមជនជាតិជ្វីហ្វ។ ចំណែកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិវិញ បានហៅករណីនេះថា ជាអំពើភេរវកម្មប្រឆាំងជនជាតិជ្វីហ្វ៕



 

Powered by Blogger.