អ៊ីស្រាអែលបន្តការវាយប្រហារនៅហ្គាហ្សា, ស្លាប់៣០នាក់ រួមទាំងអ្នកកាសែត និងមន្ត្រីសង្គ្រោះ
ប្រភព៖ Reuters
ហ្គាហ្សា៖ ការវាយប្រហារដោយយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣០នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលក្នុងនោះរួមមានអ្នកកាសែតក្នុងស្រុកម្នាក់ និងមន្ត្រីជាន់ខ្ពស់នៃសេវាសង្គ្រោះបន្ទាន់ស៊ីវិលម្នាក់ផងដែរ។
ក្រុមគ្រូពេទ្យបានរាយការណ៍ថា
ការស្លាប់ចុងក្រោយនេះ បណ្តាលមកពីការវាយប្រហារដាច់ដោយឡែកពីគ្នានៅទីក្រុង Khan
Younis, ទីក្រុង Jabalia, និងទីក្រុង Nuseirat
កណ្តាលហ្គាហ្សា។ នៅ Jabalia អ្នកកាសែតក្នុងស្រុក
លោក Hassan Majdi Abu Warda និងសមាជិកគ្រួសារមួយចំនួនបានស្លាប់ក្នុងគេហដ្ឋានដោយការវាយប្រហារតាមអាកាស។
នៅ Nuseirat ការវាយប្រហារមួយទៀតបានសម្លាប់លោក Ashraf
Abu Nar មន្ត្រីជាន់ខ្ពស់សេវាសង្គ្រោះបន្ទាន់ស៊ីវិល
និងភរិយារបស់លោកនៅក្នុងផ្ទះរបស់ពួកគេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា
ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ការស្លាប់របស់លោក Abu
Warda បានធ្វើឲ្យចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី៧
ខែតុលា ឆ្នាំ២០២៣ កើនដល់ ២២០នាក់។ ការិយាល័យនេះក៏បានអះអាងដែរថា
កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រង ៧៧% នៃតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈកងទ័ពជើងគោក
ឬការបញ្ជាឲ្យជម្លៀស និងការទម្លាក់គ្រាប់បែក។
ទន្ទឹមនឹងនេះ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់
និងក្រុមជីហាតអ៊ីស្លាម បានប្រកាសកាលពីថ្ងៃអាទិត្យថា
អ្នកប្រយុទ្ធរបស់ពួកគេបានធ្វើការវាយឆ្មក់ និងវាយប្រហារជាច្រើនលើកដោយប្រើគ្រាប់បែក
និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ សំដៅលើកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ជាច្រើន។
កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅ
៧៥កន្លែងនៅហ្គាហ្សា រួមទាំងឃ្លាំងអាវុធ៕
Post a Comment