យុវជនចំនួន ១៦រូប បានទទួលការបណ្តុះបណ្តាល ហូកា ជំនាញគេហកិច្ចនៅខេត្តរតនគិរី
ភ្នំពេញ៖ ថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តរតនគិរី ទទួលបានកិច្ចសហការ ឧបត្ថម្ភគាំទ្រ ពីគណៈកម្មការគ្រប់គ្រង គម្រោងហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការ Swisscontact បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ "គេហកិច្ច" រយៈពេល៣ថ្ងៃ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៦ រូប ស្រី ១២ រូប និងជនជាតិដើមភាគតិចចំនួន ២ រូប មកពីអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងសហគមន៍ទេសចរណ៍ក្នុងខេត្តរតនគិរី ។
ក្នុងវគ្គបណ្តុះបណ្តាលផ្តោតសំខាន់ទៅលើទ្រឹស្តីនដែលមានខ្លឹមសារសំខាន់ៗនៃមេរៀនចំនួន ៨ រួមមាន៖ ១. តួនាទីខ្ញុំក្នុងផ្នែកគេហកិច្ច ២.ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច ៣.ប្រណីតភាពនៃសេវាកម្ម ៤.ឧបករណ៍និងសម្ភារគេហកិច្ច ៥.ក្រណាត់ និងពូក ៦.សម្អាតនិងសេវាកម្មបន្ទប់ភ្ញៀវ ៧.រៀបចំសម្រាប់វេនបន្ទាប់ ៨.ប្រព័ន្ធរាយការណ៍។ សិក្ខាកាមទាំងអស់ បានអនុវត្តជាក់ស្តែង ទៅលើសម្ភារទាក់ទងនិងជំនាញ គេហកិច្ច នៅសាលប្រជុំមន្ទីរទេសចរណ៍ផ្ទាល់ និងចុងបញ្ចប់បានចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង ១៦ រូប ផងដែរ៕
Post a Comment