អ៊ីរ៉ង់ ថ្កោលទោសការទាមទារហួសហេតុរបស់អាមេរិក ក្នុងកិច្ចចរចានុយក្លេអ៊ែរ
តេហេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានហៅការទាមទាររបស់សហរដ្ឋអាមេរិក ដែលឲ្យទីក្រុងតេអេរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថាជារឿងហួសហេតុ និងគួរឲ្យខឹងសម្បារ។
លោក Khamenei បានមានប្រសាសន៍ថា
«ខ្ញុំមិនគិតថាកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនឹងនាំមកនូវលទ្ធផលនោះទេ។
ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ»។
លោកបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការទាមទារដ៏ហួសចិត្តនេះ។ ការអត្ថាធិប្បាយនេះ
ធ្វើឡើងខណៈកិច្ចចរចានុយក្លេអ៊ែរកំពុងស្ថិតក្នុងភាពរង្គោះរង្គើ
ទោះបីជាមានការរំពឹងទុកថា
នឹងមានកិច្ចចរចាជុំទីប្រាំនៅទីក្រុងរ៉ូមចុងសប្តាហ៍នេះក៏ដោយ។
កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
លោក Majid
Takht-Ravanchi បានព្រមានថា កិច្ចពិភាក្សានឹងបរាជ័យ
ប្រសិនបើអាមេរិកនៅតែទទូចឲ្យអ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងស្រុក
ដែលអាមេរិកបារម្ភថាអាចជាផ្លូវទៅកាន់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
ទីក្រុងតេអេរ៉ង់អះអាងថា កម្មវិធីរបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពទាំងស្រុង។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃអង្គារ
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់ទៀត លោក Kazem Gharibabadi បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានទទួល
និងកំពុងពិនិត្យមើលសំណើមួយពីសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ចាំបាច់ត្រូវ «ចាត់វិធានការលឿន
បើមិនដូច្នេះទេ អ្វីដែលអាក្រក់នឹងកើតឡើង»។
សូមជម្រាបថា ក្នុងអាណត្តិទីមួយរបស់លោក លោក
ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA)
រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក
ដែលកិច្ចព្រមព្រៀងនោះបានដាក់កំហិតលើសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់
ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក ត្រាំ ក៏បានដាក់ទណ្ឌកម្មរបស់អាមេរិកឡើងវិញលើអ៊ីរ៉ង់
ដែលនាំឲ្យអ៊ីរ៉ង់ឆ្លើយតបដោយការបង្កើនកម្រិតចម្រាញ់អ៊ុយរ៉ាញ៉ូម៕
Post a Comment