ប្រធានាធិបតីហ្វីលីពីន ប្រាប់ឱ្យសមាជិកគណៈរដ្ឋមន្រ្តីទាំងអស់លាលែងពីតំណែង ដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ

 ប្រភព៖ Reuters

ម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានស្នើឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្រ្តីរបស់លោក គឺប្រហែល៣០នាក់ ដាក់ពាក្យលាលែងពីតំណែង ដើម្បីរៀបចំរដ្ឋាភិបាលឡើងសាឡើងវិញ បន្ទាប់ពីគណបក្សលោក ទទួលបានលទ្ធផលមិនសូវល្អដូចការរំពឹងទុក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាពេលថ្មីៗនេះ។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីដឹកជញ្ជូន លោក Vince Dizon, រដ្ឋមន្រ្តីកសិកម្មលោក Francisco Tiu Laurel Jr និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Ralph Recto បានប្រកាសថា ពួកគេបានលាលែងពីតំណែងរួចរាល់ហើយ ខណៈ​រដ្ឋមន្រ្តីគ្រប់គ្រងធនធាននិងថវិការដ្ឋាភិបាល លោកស្រី Amenah Pangandaman ក៏បាននិយាយថា នឹងដាក់ពាក្យលាលែង​ផងដែរ។

អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិធ្វើឡើងកាលពីសប្តាហ៍មុន ដែលត្រូវបានមើលឃើញជាការស្ទង់មតិមួយចំពោះរដ្ឋាភិបាលរបស់លោក Marcos បណ្តាបេក្ខជនដែលលោកគាំទ្រ ទទួលបរាជ័យក្នុងការធានាឱ្យបាននូវអាសនៈភាគច្រើនក្នុងព្រឹទ្ធសភា ដែលជាឧបសគ្គមួយ ខណៈដែលលោក Marcos ឈានចូល៣ឆ្នាំចុងក្រោយ នៃអាណត្តិកាន់អំណាចរយៈពេលសរុប ៦ឆ្នាំរបស់លោក។ រីឯបណ្តាបេក្ខជនដែល​គាំទ្រដោយគូប្រជែងរបស់លោក Marcos គឺអនុប្រធានាធិបតី លោកស្រី Sara Duterte វិញ ទទួលបានលទ្ធផលប្រសើរ​លើសពីការរំពឹងទុក ក្នុងការបោះឆ្នោតដែលមនុស្សភាគច្រើនមើលឃើញថា ជាសមរភូមិប្រូស៉ី (proxy) រវាងគ្រួសារទាំងពីរ ដែលកន្លងមក​ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា៕





 

 

Powered by Blogger.