អ៊ីស្រាអែល ចោទអឺរ៉ុបពីការញុះញង់ ក្រោយការបាញ់ប្រហារនៅស្ថានទូតក្រុងវ៉ាស៊ីនតោន
ប្រភព៖ Reuters
ហ្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានចោទប្រកាន់មន្ត្រីអឺរ៉ុបដោយមិនបញ្ចេញឈ្មោះ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ថាបានធ្វើការញុះញង់ប្រឆាំងនឹងសាសន៍យូដា ដែលលោកបានស្តីបន្ទោសថា ជាអ្នកបង្កើតបរិយាកាសអរិភាព ដែលនាំឲ្យមានការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
ការអត្ថាធិប្បាយរបស់លោក Saar
កើតឡើងបន្ទាប់ពីមានការរិះគន់កាន់តែខ្លាំងពីសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងអង់គ្លេស
បារាំង និងកាណាដា ដែលកាលពីថ្ងៃចន្ទបានព្រមានពី «សកម្មភាពជាក់ស្តែង»
ដែលអាចកើតមានប្រឆាំងនឹងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅហ្គាហ្សា
និងការរឹតត្បិតជំនួយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ
នៅក្រុងហ្សេរុយសាឡឹម លោក Saar បានអះអាងថា
ការវាយប្រហារនេះគឺជាលទ្ធផលដោយផ្ទាល់នៃ «ការញុះញង់ប្រឆាំងសាសន៍យូដាដ៏ពឹសពុលប្រឆាំងនឹងអ៊ីស្រាអែល
និងជនជាតិយូដានៅជុំវិញពិភពលោក» ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលា
ឆ្នាំ២០២៣។ លោកបានបន្ថែមថា «មានខ្សែបន្ទាត់ផ្ទាល់មួយដែលភ្ជាប់ការញុះញង់នេះទៅនឹងឃាតកម្មនេះ...
ការញុះញង់នេះក៏ធ្វើឡើងដោយមេដឹកនាំ និងមន្ត្រីនៃប្រទេស និងអង្គការនានា
ជាពិសេសពីអឺរ៉ុប»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះ
បាននិយាយទៀតថា «បរិយាកាសសកល» ប្រឆាំងនឹងអ៊ីស្រាអែលកាន់តែអាក្រក់ទៅៗ
ចាប់តាំងពីការវាយប្រហាររបស់ហាម៉ាស់ ដែលបានសម្លាប់មនុស្ស ១,២០០នាក់
និងចាប់ចំណាប់ខ្មាំង ២៥១នាក់។ ចាប់តាំងពីពេលនោះមក
យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៣,០០០នាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កជាបាតុកម្មធំៗទូទាំងពិភពលោក
ព្រមទាំងសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិ
ដែលចោទអ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍៕

Post a Comment