ក្រសួងមហាផ្ទៃ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង២០០ទៀត នៅព្រះសីហនុជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្ដៅ នៃសន្តិសុខសណ្ដាប់ធ្នាប់
ភ្នំពេញ៖ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ
ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ
ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។
បើតាមលោក ទូច សុឃៈ
ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ
ជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់
ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ
និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ
ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។
លោក ទូច សុឃៈ បានបន្តថា
ជាក់ស្តែងក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ
បានយកចិត្តទុកដាក់លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុ
បន្ថែមលើការទទួលខុសត្រូវដឹកនាំ និងអនុវត្តរបស់រដ្ឋបាលខេត្ត
និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ
និងអ្នកវិនិយោគមានភាពកក់ក្ដៅ
ជាក់ស្ដែងវត្តមានក្រុមហ៊ុនចំនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុគឺជាទឡ្ហីករណ៍។
នៅពេលដែលកម្ពុជាក្លាយជាគោលដៅកាន់តែសកម្មរបស់វិនិយោគទុនបរទេស
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានអះអាងទៀតថា គ្មានអ្នកវិនិយោគណា
យកទុនរាប់លានដុល្លារទៅវិនិយោគនៅប្រទេសដែលមានសង្គ្រាម និងអសន្តិសុខឡើយ
ដូច្នេះហើយបានជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
បាននិងកំពុងបន្តរួមគ្នាការពារសន្តិភាព និងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
ដើម្បីស្រូបយកអ្នកវិនិយោគ រួមទាំងបង្កើតឱកាសអភិវឌ្ឍជាតិ៕

Post a Comment